សៀមរាប៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរបេកសកម្មដឹកនាំក្រុមមន្រ្តីបច្ចេកទេស ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីក្រែង (អាងទឹកម្កាក់) ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប។
សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តខាងលើនេះ បានទទួលហិរញ្ញប្បទានពីសាធារណ:រដ្ឋប្រជាមានិត្យចិន ហើយបានសាងសង់រួចជាស្ថាពរក្នុងឆ្នាំ២០១៨ ដែលមានលទ្ធភាពផ្គត់ផ្តង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មបានចំនួន២.៤០០ហិកតា នៅរដូវប្រាំង និង២៨.៨៥០ហិកតា នៅរដូវវស្សា។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការពិនិត្យសំណង់ទំនប់អាងទឹកម្កាក់ គឺជាការពិនិត្យស្ថានភាពទឹកជាក់ស្តែង ក្នុងខេត្តសៀមរាម ព្រមទាំងមានសេចក្តីរីករាយ ដែលបានឃើញបរិមាណទឹករក្សាទុកក្នុងអាងបាន១០០ភាគរយ ជាការអំណោយផលដល់ការងារបង្កបង្កើនផល និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋស្រុកជីក្រែង ខេត្តសៀមរាប៕