លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមតបតាមការអញ្ជើញរបស់ សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី២៩ខែតុលា ឆ្នាំ២០២០ បានប្រជុំពិភាក្សាពីផលប៉ះពាល់ពី ក្នុងឆ្នាំ២០២០ លើធុរកិច្ចបង្កើតថ្មី (SME) និងសហគ្រាសធុនតូច មធ្យម ក្នុងវិស័យកសិកម្ម និងវិស័យផលិតអាហារ។
ក្រោមការដឹកនាំកិច្ចប្រជុំពីសំណាក់ ដោយលោកបណ្ឌិត ឈៀង វណ្ណមុនិវណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ ។កិច្ចប្រជុំនេះគឺជាចំណុចចាប់ផ្តើមក្នុងការយល់ដឹងពីភាគីឯកជន និងភាគីរដ្ឋ ឱ្យមានការចែករំលែកនូវបទពិសោធន៍ដែលអាចសម្រួលដល់ការសហការរវាងសហគ្រិនខ្មែរ និងដៃគូឯកជន។
មិនត្រឹមតែប៉ុណ្ណោះនឹងក្លាយជាវេទិកាចែករំលែកអំពីតួនាទីរបស់ SME នៅក្នុងវិស័យកសិកម្ម និងការកែច្នៃផលិតអាហារ ជាពិសេស ក្នុងកំឡុងពេលឆ្នាំ២០២០ ដែលមានវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាវិបត្តិការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ជាដើម ដើម្បីចង់ដឹងថា តើមានមតិយោបល់ និងសំណូមពរអ្វីដែលគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗក្នុងវិស័យនេះ គិតថាអាចដោះស្រាយ ឬអាចធ្វើឱ្យប្រសើរឡើងនូវវិស័យមួយនេះ។
លោកឧកញ៉ា សុង សារ៉ន បានលើកឡើងថា តាមបទពិសោធន៍ដែលបានឆ្លងកាត់ នៅក្នុងវិស័យកសិកម្ម ហើយលោកនៅតែមើលឃើញនូវសក្តានុពលនៃវិស័យមួយនេះ ខណៈនៅពេលដែលវិស័យមួយនេះ បានទទួលការយកចិត្តទុកដាក់ លើការគាំទ្រ ជាពិសេសថវិកា ពីរាជរដ្ឋាភិបាល តាមរយៈសហគ្រិនខ្មែរ ក្នុងការផ្តល់ការគាំទ្រដល់ធុរកិច្ចបង្កើតថ្មី។
ឧទាហរណ៍ជាក់ស្តែងលោកឧកញ៉ា សាទរនិងរីករាយដែលសហគ្រិនខ្មែរ បានផ្តល់ការគាំទ្រដល់យុវជនខ្មែរ បណ្តុះបណ្តាលនិងពង្រីកនូវសមត្ថភាពរបស់ពួកគេ ដើម្បីអាចឱ្យពួកគាត់យកនូវចំណេះជំនាញរបស់ពួកគាត់ ទៅបន្ថែមនូវអ្វីដែលសហគមន៍កសិកម្មកំពុងខ្វះខាត ដូចជាផ្នែកបច្ចេកទេស ទីផ្សារ និងការគ្រប់គ្រងជាដើម។