ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទូតរុស្សីថា ៖ ក្រុមហ៊ុនរបស់រុស្សីកំពុងមានចំណាប់អារម្មណ៍ ក្នុងការដាក់ ទុនវិនិយោគ នៅកម្ពុជា

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ទូត រុស្ស៊ី ប្រចាំកម្ពុជាថា បើទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩ ក៏ដោយ តែកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-រុស្ស៊ី នៅតែដំណើរការទៅមុខជាពិសេស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និវប្បធម៌។

លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា កាលពីថ្ងៃ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។

លោកមានប្រសាសន៍ថា ទោះបីជាស្ថិតក្នុងបរិការណ៍ វិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី នៅតែដំណើរ ការទៅមុខដោយរលូន ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍វិនិយោគិន ពីរុស្ស៊ី មកដាក់ទុន វិនិយោគបន្ថែមទៀត នៅកម្ពុជា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងជំរុញកំណើនសេដ្ឋកិច្ច។

លោក Anatoly Borovik បានបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ី នឹងបន្តជួយដល់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស ក្នុងវិស័យអប់រំ និងសុខាភិបាល ដូចជា ការផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ទៅសិក្សានៅសហព័ន្ធរុស្ស៊ី ការបណ្តុះបណ្តាលជំនាញ និងជំនួយបច្ចេកទេស ជាដើម ។

លោក Anatoly Borovik បានបន្ថែមថា ដោយមើលឃើញពីសក្តានុពល នៃប្រទេសកម្ពុជា មានក្រុមហ៊ុនរុស្ស៊ី ជាច្រើន ទាំងក្រុមហ៊ុនធំ និងមធ្យម កំពុងមានចំណាប់អារម្មណ៍ និងស្វែងរកកាលានុវត្តភាព ក្នុងការដាក់ ទុនវិនិយោគ និងប្រកបធុរកិច្ចនៅកម្ពុជា ។ លោកសង្ឃឹមជឿជាក់ថា នាពេលខាងមុខ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ នឹងមានការកើនឡើង ជាបន្តបន្ទាប់៕