ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រសួងពត៌មានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវបន្តត្រួតពិនិត្យតាមដានជាប្រចាំនូវខ្លឹមសាររូបភាព និងការសំដែងនូវកម្មវិធីនីមួយៗដែលបានផ្សព្វផ្សាយតាមរយៈទូរទស្សន៍ និងវេទិកាផ្សេងៗទៀត ដើម្បីរក្សានូវវប្បធម៌ ប្រពៃណីដ៏ល្អរបស់ជាតិកម្ពុជា។
សម្តេចតេជោ បានបន្តថា ក្រៅពីក្រសួងព័ត៌មាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងពាក់ព័ន្ធផ្សេងៗទៀត ក៏ត្រូវតែពិនិត្យឲ្យបានម៉ត់ចត់ និងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះខ្លឹមសារ និងរូបភាពដែលបាននឹងកំពុងចាក់បញ្ចាំងតាមទូរទស្សន៍ ដែលមានលក្ខណៈរើសអើងចំពោះស្ត្រីបន្ទាបបន្ថោកប្រពៃណីវប្បធម៌ និងតម្លៃស្ត្រីខ្មែរ។
សម្តេចតេជោ បានឲ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវរៀបចំគណៈកម្មាធិការចម្រុះអន្តរក្រសួង ដើម្បីចាត់វិធានការក្នុងការទប់ស្កាត់ការផ្សព្វផ្សាយរូបភាពអាសអាភាសតាមរយៈបច្ចេកវិទ្យា។
សម្តេចតេជោ បានបញ្ជាក់ថា ក្រសួងធម្មការ និងសាសនា ត្រូវបន្តសកម្មភាពអប់រំឲ្យបានទូលំទូលាយនៅទូទាំងប្រទេស តាមរយៈនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម។
យោងតាមសម្រង់ប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមផេកហ្វេសប៊ុករបស់
សម្តេចក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩៕