លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) នារសៀលថ្ងៃព្រហស្បតិ៍ទី១៩ខែវិច្ឆិកានេះបានចូលរួមថ្លែងសុន្ទរកថា ក្នុងសិក្ខាសាលាតាមអនឡាញ (Webinar) ស្តីអំពី “ការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរវាងចិន និងកម្ពុជា និងគុណភាពផលិតផលចិន-កម្ពុជា” ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវ ការអភិវឌ្ឍរដ្ឋបាលរដ្ឋ សម្រាប់បទប្បញ្ញត្តិនៃប្រទេសចិន និងសាកលវិទ្យាល័យ Dali នៃប្រទេសចិន។
លោកឧកញ៉ា សុង សារ៉ន បានសម្តែងភាពរីករាយ និងសាទររបស់កម្ពុជា ចំពោះកិច្ចសហការដ៏ល្អលើការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់។
សូមបញ្ជាក់ថា តាមរយៈអនុស្សរណៈ យោគយល់ចំនួន៥ តាំងពីឆ្នាំ ២០១៤ រហូតមកដល់ខែ ១០ ឆ្នាំ២០២០ ទំហំនៃការនាំចេញអង្ករកម្ពុជាទៅទីផ្សារប្រទេសចិន មានការកើនឡើងដល់បរិមាណប្រមាណជិត១លានតោន ហើយចំនួនរោងម៉ាស៊ីនដែលមានគុណភាព និងស្តង់ដារសុវត្ថិភាពចំណីអាហារ ដែលឆ្លើយតប តាមបទដ្ឋានទទួលស្គាល់ពីប្រទេសចិន បានកើនឡើង ដល់៤៤ រោងម៉ាស៊ីន។
ដោយឡែកសំរាប់តែរយៈពេល១០ខែ នៃឆ្នាំ២០២០នេះ ការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិនបានចំនួន ជិត ២០ម៉ឺនតោន ឬ ៣៦.២៦% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ជាង ១២៤លានដុល្លារ ហើយបិរមាណការនាំចេញនេះ គឺមានកំណើន ជាង ៥% ផងដែរបើប្រៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។
កាលពីថ្មីៗនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមផ្តល់ធាតុចូល លើការសិក្សាស្រាវជ្រាវរបស់ សាកលវិទ្យាល័យ Dali សម្រាប់ជំរុញការនាំចេញអង្ករកម្ពុជាទៅប្រទេសចិន ដែលជាយន្តការមួយក្នុងយន្តការដែលសហព័ន្ធបាននិងកំពុងតែខិត ក្នុងការងារផ្តោតជាគោលលើទីផ្សារប្រទេសចិន ដែលការសិក្សាស្រាវជ្រាវនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើននូវតម្លៃ បន្ថែម លើគុណភាពសម្រាប់អង្ករកម្ពុជា។
ក្រៅពីនេះ សិក្ខាសាលាតាមរយៈអនឡាញនាថ្ងៃនេះ នឹងជាកម្លាំងចលករដ៏សំខាន់ដល់ភាគីទាំងពីរ ទាំងចិន និងកម្ពុជា ឱ្យបានស្វែងយល់បន្ថែមកាន់តែស៊ីជម្រៅទាក់ទងនឹង ស្តង់ដារ និតិវិធី បញ្ហាប្រឈម នៃការនាំចេញអង្ករកម្ពុជាទៅប្រទេសចិន តាមរយៈការសិក្សាស្រាវជ្រាវ។