ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានឯកភាពជួយសាងសង់ស្ពាន មួយខ្សែឆ្លងកាត់ ទន្លេ នៅភូមិសាស្ត្រក្នុង រាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាលហើយ។ ការសម្រេចនេះ បានធ្វើឡើងតប តាមសំណើរ បស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អង្គភាពព័ត៌មាន ក្នុងស្រុក នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ថា តបតាមសំណើរបស់ សម្តេចតេជោ ហ៊ុន សែន ភាគីកូរ៉េបានឯកភាព ជួយសាងសង់ស្ពានមួយ នៅក្នុងរាជធានីភ្នំពេញ។ តែក្រុមការងារបច្ចេកទេស នៃប្រទេសទាំង ពីរ កំពុងសិក្សា និងរើសទីតាំង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនទាន់បញ្ជាក់ពីទីតាំង និងទំហំទឹកប្រាក់ដែល ត្រូវសាងសង់ នៅឡើយនោះទេ។ លោកបញ្ជាក់ថា ជាស្ពានឆ្លងកាត់ទន្លេ ដែលមានទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចទៅ កាន់ប្រទេសកូរ៉េខាងត្បូង កាលពីដើមឆ្នាំ២០២០នេះ សម្តេចបានស្នើទៅកាន់ ប្រធានាធិបតី កូរ៉េខាងត្បូង លោក មូន ចែអ៊ីន ជួយសាងសង់ ស្ពាន ឆ្លងកាត់ទន្លេនៅកម្ពុជា។
សម្តេចតេជោ បានលើកឡើងថា បច្ចុប្បន្នមានស្ពាន មិត្តភាពកម្ពុជា-ចិន, ស្ពានមិត្តិភាពកម្ពុជា-ជប៉ុន ឆ្លងកាត់ទន្លេ អស់ហើយ។ តែមិនទាន់មាន ស្ពាន មិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេនៅឡើយ ដូច្នេះសម្តេចក៏បាន ស្នើប្រធានាធិបតីកូរ៉េ ជួយសាងសង់ ស្ពានមិត្តភាព ឆ្លងកាត់ទន្លេ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេដែល សម្តេចចង់សាងសង់នោះ គឺតភ្ជាប់រាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រ ទឹកដីជ្រោយចង្វា ឆ្ពោះទៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ស្ពានឆ្លងកាត់ទន្លេ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅឃុំស្វាយជ្រុំ ជាសមិទ្ធផលមួយ ដែលពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលរំពឹង ចង់ឃើញជាយូរ ណាស់មកហើយ។ បើសិនជាស្ពាននេះ លេចចេញជារូបរាង នឹងក្លាយជាសម្បត្តិ ដ៏មហាសាលសម្រាប់ ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូន កសិផលរបស់ប្រជាកសិករ៕