កំពង់ឆ្នាំង៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅឃុំគោកបន្ទាយ ស្រុករលៀប្អៀ និងនៅសង្កាត់កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។
ស្របពេលប្រជាកសិករកំពុងញាប់ដៃ ញាប់ជើងព្រោះស្រូវឲ្យបានទាន់ ពេលវេលា។ តាមការបញ្ជាក់ពីបងប្អូនប្រជាកសិករថាពូជដែលទទួលបានមានដំណុះល្អ ហើយសង្ឃឹមថានឹងទទួលបានផលល្អ។
លោករដ្ឋមន្ត្រីបានចូលរួមអបអរចំពោះសមកម្មភាពដ៏រស់រវើករបស់បងប្អូនប្រជាកសិករក្នុងការស្តារផលិតកម្មស្រូវឡើងវិញ នេះបញ្ជាក់ឲ្យឃើញថាពួកគាត់បានយកចិត្តទុកដាក់ស្តារផលិតកម្មស្បៀងឡើងវិញបានទាន់ពេលវេលា ហើយសង្ឃឹមថាពួកគាត់នឹងទទួលបានផ្លែផ្កាដូចការរំពឹងទុក។
លោករដ្ឋមន្ត្រីបានណែនាំឲ្យបងប្អូនយកចិត្តទុកដាក់លើការគ្រប់គ្រងទឹក និងដើម្បីមើលថែទាំ និងការពារសត្វចង្រៃផ្សេងៗ កុំឲ្យមកបំផ្លាញស្រូវ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមកាងាររាជដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាននាំយកពូជស្រូវចំនួន ១៧១តោនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន មកចែកជូនបងប្អូនប្រជាកសិករ នៅតាមបណ្តាស្រុក ក្រុងទាំង៦ របស់ខេត្តកំពង់ឆ្នាំង គិតមកទល់ពេលនេះសម្រេចបានចំនួន ៤៦៦ហិកតា នៃផ្ទៃដីខូចខាតចំនួន ១ ៧៩២ ហិកតា ហើយកំពុងបន្តស្តារដំណាំស្រូវឡើងវិញលើផ្ទៃដីដែលនៅសេសសល់ ៕