ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម បិទ «វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល» 

កំពង់ចាម៖ សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រារព្ធពិធីបិទ «វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល» ជំនាន់ទី១៤ លើកទី២ ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងយុគសម័យទំនើបនេះ នគរបាល មិនអាចបំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ដោយគ្មានការឆ្លងកាត់ ការអប់រំបណ្ដុះបណ្ដាលនោះទេ ។ ការអប់រំបណ្តុះបណ្ដាល ពិតជាដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសមត្ថភាព និងកសាងធនធានមនុស្ស សម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
លោកអភិបាល ខេត្ត បានថ្លែងអំណរគុណ ទៅដល់សាលាបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានបំពេញភារកិច្ចអប់រំបណ្តុះបណ្តាលមន្រ្តីនគរបាលជាតិ ឲ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព និងមានសមត្ថភាព ប្រកប ដោយវិជ្ជាជីវៈពេញលេញ ដើម្បីបំពេញភារកិច្ចជូនអង្គភាព ប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ និងគោលនយោបាយកែទម្រង់កងកម្លាំងប្រដាប់អាវុធ របស់រាជរដ្ឋាភិបាល ។
លោក នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងអំពី វឌ្ឍនភាព កិត្យានុភាព និងឧត្តមភាព របស់បណ្ឌិត្យ សភា ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា បច្ចុប្បន្ននេះ បណ្ឌិត្យសភានគរបាលកម្ពុជា ទទួលបានជោគជ័យ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ជាបន្តបន្ទាប់ តាមរយៈ ការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់ ផ្អែកលើកផែនការយុទ្ធសាស្ត្រ បទប្បញ្ញត្តិនានា កម្មវិធិកំណែទម្រង់ ការប្រកាន់ខ្ជាប់នូវគុណតម្លៃទាំង ៦ របស់ខ្លួន គឺ ៖ វិន័យ គុណភាព ក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ ការប្តេជ្ញាចិត្ត និងនវានុវត្តន៍ ក្រោមទិសស្លោក «យើងរួមគ្នា កសាងវប្បធម៌គុណភាព»៕