ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ជំរុញឲ្យកសិករខ្មែរ ដាំដុះបន្លែគ្មានជាតិគីមី និងមានសុវត្ថិភាព

កណ្តាល៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជាអធិបតីភាពក្នុង កម្មវិធីទស្សនៈកិច្ចសិក្សារបស់កសិករគំរូដាំដុះបន្លែសុវត្ថិភាពកោះធំ ស្ថិតនៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
លោក កៅ ថាច  បានប្រាប់ដល់បងប្អូនកសិករគំរូ អំពីមូលហេតុចម្បងមួយចំនួន ដែលនាំឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមគាំទ្រគម្រោង កសិដ្ឋានបន្លែសុវត្ថិភាពកោះធំ នេះចេញជារូបរាងឡើងក្នុងគោលបំណងរួមាន៖
១.អំពីការផ្គត់ផ្គង់បន្លែរបស់បងប្អូនកសិករខ្មែរចូលទីផ្សារនៅមានកំរិត និងមិនអាចឆ្លើយតបបានគ្រប់គ្រាន់សម្រាប់ការប្រើសប្រាស់ក្នុងស្រុក ដូចនេះ យើងត្រូវធ្វើការនាំចូលបន្លែបន្ថែមពីក្រៅប្រទេស។ ក្នុងករណី យើងទាំងអស់គ្នាពិតជាបានទទួលស្គាល់ហើយថា បន្លែនាំចូលទាំងនោះមួយចំនួនបានផ្ទុកសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់សុខមាលភាពបងប្អូនប្រជាពលរដ្ឋអ្នកប្រើសប្រាស់។
ហេតុនេះបានជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចង់ឃើញប្រជាកសិករខ្មែរ ដាំដុះបន្លែដោយគ្មានជាតិគីមី និងមានសុវត្ថិភាពខ្ពស់ ឲ្យបានច្រើន ដើម្បីធ្វើការផ្គត់ផ្គង់បន្លែក្នុងស្រុកបានគ្រប់គ្រាន់ មាននិរន្តភាព និងអាចឈានដល់ការនាំចេញបានទៅក្រៅប្រទេសបាន។
២.អំពីបច្ចេកទេសដាំដុះបន្លែរបស់បងប្អូននៅមានកំរិត និងមានផ្នត់គំនិតមិនមែនជាសហគ្រិន។
លោក កៅ ថាច បញ្ជាក់ថា បងប្អូនកសិករត្រូវមានឆន្ទះមុះមុតក្នុងការកែប្រែទំលាប់ការដាំដុះបន្លែដោយធ្វើក្នុងនាមសហគ្រិន ពោលគឺការដាំដុះបន្លែដើម្បីធ្វើជាពាណិជ្ចកម្ម ផ្គត់ផ្គង់ក្នុងស្រុកឲ្យបានគ្រប់គ្រាន់ និងមានសមត្ថភាពអាចនាំចេញទៅក្រៅប្រទេសបាន។ លោកអគ្គនាយក មានជំនឿជាក់ថា កាលណាបងប្អូនការកែប្រែទម្លាប់ក្នុងការដាំដុះបាន នោះជីវភាពរបស់ប្អូននឹងមានការកែប្រែកាន់តែប្រសើរ និងជួយកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋបាន។
៣.អំពីការយកចិត្តទុកដាក់អំពីគោលការណ៍ស្តង់ដារសុវត្ថិភាព លោកកៅ ថាច បានធ្វើការស្នើសុំបងប្អូនជាកសិករ ដាំដុះបន្លែសូមធ្វើការយកចិត្តទុកដាក់ខ្ពស់អំពីគុណភាព និងអនុវត្តតាមគោលការណ៍កសិកម្មល្អ ៕