ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល ACMECS  តាមរយៈ​ប្រព័ន្ធ​វីដេអូ​

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អញ្ជើញ​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​នៃ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​៩ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

​នេះយោងតាមសេចក្តីប្រកាស​របស់​ក្រសួងការបរទេសបានបញ្ជាក់ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួម​ផងដែរ ក្នុង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (CLMV) លើក​ទី​១០ និង​កិច្ចប្រជុំ​កំពូល កម្ពុជា​-​ឡាវ​-​វៀតណាម ស្តីពី​ការអភិវឌ្ឍ​តំបន់ត្រីកោណ (CLV DTV) លើក​ទី​១១ ដែល​នឹង​រៀបចំឡើង​ស្របពេល​ជាមួយ​កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៩​។ កិច្ចប្រជុំ​កំពូល​ទាំងពីរ​នេះ នឹងត្រូវ​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថង​លុន ស៊ី​សុ​លី​ត នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​សេចក្តីប្រកាស លើកឡើងថា ក្រោម​មូលបទ «​ភាពជា​ដៃគូ​ដើម្បី​ការតភ្ជាប់ និង​ភាពរឹងមាំ​» កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៩ នឹង​ពិនិត្យឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក និង​នាពេល​អនាគត ជាពិសេស​លើ​វិធី និង​មធ្យោបាយ​ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ ACMECS លើ​គ្រប់​វិស័យ ដែល​នឹង​ដើរតួនាទី​ជា​ក្របខ័ណ្ឌ​សាមគ្គីភាព​ដ៏​សំខាន់ សម្រាប់​ថែរក្សា​សន្តិភាព និង​ស្ថេរភាព​ក្នុង​តំបន់ និង​ជំរុញ​ការអភិវឌ្ឍ​រួមគ្នា ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​។

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​នេះ នឹងមាន​ពិធី​ផ្ទេរតំណែង​ប្រធាន​កិច្ចប្រជុំ​កំពូល ACMECS ពី​ប្រទេស​កម្ពុជា ដល់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​ក្រសួងការបរទេស ប្រកាសថា កិច្ចប្រជុំ​កំពូល CLMV លើក​ទី​១០ នឹងធ្វើ​ឡើង​ក្រោម​មូលបទ «​ការលើកកម្ពស់​ការតភ្ជាប់​ប្រកបដោយ​ប្រសិទ្ធភាព សម្រាប់​សមាហរណកម្ម​តំបន់​» នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​សមិទ្ធផល​នានា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ និង​កំណត់​ទិសដៅ នាពេល​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ CLMV ដោយ​ពិចារណា​ទៅលើ​វិបត្តិ​សុខភាព​ពិភពលោក ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ និង​ផែនការ​ស្តារ​ប្រទេស​ខ្លួន​ឡើងវិញ ក្រោយ​វិបត្តិ​នៃ​ជំងឺ​នេះ​។ សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នឹង​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​កំពូល​នេះ នៅពេល​បន្ទាប់​។​

​ក្រសួងការបរទេស បញ្ជាក់ថា កិច្ចប្រជុំ​កំពូល CLV DTV លើក​ទី​១១ នឹង​ពិនិត្យឡើងវិញ​ពី​វឌ្ឍនភាព ដែល​សម្រេចបាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក ព្រមទាំង​ពិភាក្សា​អំពី​ទិសដៅ​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​ន​យោ​បាយ សេដ្ឋកិច្ច និង​សង្គម រវាង​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម ជាពិសេស លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន វប្បធម៌ ការអភិវឌ្ឍ​ធនធានមនុស្ស សុខាភិបាល និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​៕​