កោះកុង៖ សាច់មាន់ និងប្រហិតចម្រុះចំនួនប្រមាណ ១,០០២គីឡូក្រាម ត្រូវបាន មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកោះកុង សម្រេចធ្វើការដកហូត និងដុតកម្ទេចចោល ។
នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកោះកុងត្រួតពិនិត្យ សាច់មាន់ និងប្រហិតចម្រុះ ដោយមានលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកោះកុង ។
ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យលើសាច់មាន់ និងប្រហិតចម្រុះ រួមមាន៖
-សាច់មាន់ ឆ្អឹង ស្លាប និងគ្រឿងក្នុងមាន់ មានទម្ងន់ ស្មើនឹង ៧៣៤.៥គីឡូក្រាម
-ប្រហិតចម្រុះ មានទម្ងន់ ស្មើនឹង ២៦៨គីឡូក្រាម
សរុបចំនួន ១,០០២.៥គីឡូក្រាម
ជាលទ្ធផលក្រោយពីការត្រួតពិនិត្យជាក់ស្តែងឃើញថា ផលិតផលខាងលើទំនិញរួមមាន សាច់មាន់ចម្រុះ និងប្រហិតចម្រុះ មានការវេចខ្ចប់ ការដឹកជញ្ជូន គ្មានការបង្កកត្រឹមត្រូវ នាំឲ្យទំនិញខូចគុណភាព មានក្លិនស្អុយ ។
មន្រ្តីជំនាញបានសម្រេចធ្វើការដកហូត និងកម្ទេចចោលភ្លាមៗ។ទន្ទឹមនឹងនោះមន្ត្រីជំនាញបានណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕