ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តកំពង់ចាម ផ្តល់ផ្លូវកៅស៊ូបីខ្សែ ក្នុងក្រុងកំពង់ចាម ដើម្បីឲ្យប្រជាជនងាយស្រួលធ្វើដំណើរ

កំពង់ចាម៖ ដើម្បីបង្កើនសោភ័ណភាព និងគុណភាពផ្លូវថ្នល់ឲ្យកាន់តែប្រសើរជាងមុន អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្ត នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យផ្លូវក្រាលកៅស៊ូប្រភេទ AC ចំនួនបីខ្សែ ស្ថិតនៅក្នុងសង្កាត់វាលវង់ និងសង្កាត់សំបួររមាស ក្រុងកំពង់ចាម ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋឲ្យមានភាពងាយស្រួល ហើយក៏ជាការលើកមុខមាត់ដល់ក្រុងកំពង់ចាម ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត ដែលក្រុងមួយនេះធ្លាប់ទទួលបានជ័យលាភីរំដួលបីទងនាពេលកន្លងមក។

លោក ណន សុខនី នាយកលទ្ធិកម្មសាលាខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្តចំនួនពីររូប នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យមើលការស្ថាបនាផ្លូវកៅស៊ូ ដែលកំពុងដំណើរការអ៊ុត នៅក្រោយវិទ្យាល័យព្រះសីហនុ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

លោក ណន សុខនី បានបន្តឲ្យដឹងទៀតថា ផ្លូវខ្សែទី១ (ផ្លូវលេខ៧ចាស់) មានប្រវែង១.៥៦២ម៉ែត្រ ទទឹង១០ម៉ែត្រ ចាប់ពីរង្វង់មូល១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ក្នុងពេលអញ្ជើញចុះពិនិត្យនេះ លោកអភិបាលខេត្ត ក៏បានស្នើសុំឲ្យនាយកវិទ្យាស្ថានជាតិកសិកម្មខេត្តកំពង់ចាម រៀបចំក្រាលការ៉ូឡាឲ្យបានស្អាតនៅបរិវេណខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារស្ថាបនាផ្លូវ ធ្វើចិញ្ចើមថ្នល់ដើម្បីបង្កលក្ខណៈឲ្យទឹកភ្លៀងហូរធ្លាក់ចូលទៅក្នុងប្រព័ន្ធលូចៀសវាង កុំឲ្យមានទំនាបដក់ទឹកនាំឲ្យខូចផ្លូវ។

ចំពោះផ្លូវទីមួយនេះត្រូវបានប្រជាពលរដ្ឋរស់នៅតាមដងផ្លូវបានបង្ហាញទឹកចិត្តសប្បាយរីករាយ ដោយទទួលបានផ្លូវមួយខ្សែល្អ ហើយងាយស្រួលដល់ពួកគាត់ធ្វើដំណើរទៅវិញទៅមក សម្រាប់ប្រកបរបរអាជីវកម្មប្រចាំថ្ងៃ ក៏កាន់តែប្រសើរបន្ថែមទៀត។

ផ្លូវខ្សែទី២ លេខ៥១ មានប្រវែង៥១២ម៉ែត្រ ទទឹង៨ម៉ែត្រ ចាប់ពីស្តុបលំហែ ផ្លូវជាតិលេខ៧ថ្មី ភូមិបឹងស្នាយ សង្កាត់សំបូរមាស ដល់ផ្លូវលេខ៧ចាស់ ស្ថិតនៅក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ចំណែកផ្លូវខ្សែទី៣ ផ្លូវលេខ៥៥ ប្រវែង៧៧១ម៉ែត្រ ទទឹង៧.៥ ទៅ៨ម៉ែត្រ ចាប់ពីត្រង់ចំណុចផ្លូវភ្លោះ ព្រះបាទមុនីវង្សភូមិទី៤ សង្កាត់វាលវង់ ដល់ផ្លូវលេខ៨៥ ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ ក្នុងចំណោមផ្លូវទាំងបីខ្សែ គឺទើបតែដំណើរការសាងសង់ផ្លូវទី១ បានប្រមាណ៣០ភាគរយ ចំណែកផ្លូវចំនួន២ខ្សែទៀត អាចនឹងរួចរាល់ក្នុងរយៈពេល១៥ថ្ងៃខាងមុខ ក្នុងករណីបើមិនមានភ្លៀងធ្លាក់។

លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម មានប្រសាសន៍ឲ្យដឹងដែរថា ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតកន្លងមក ក្រុងកំពង់ចាម ទទួលបានរំដួលបីទង។ សម្រាប់ផ្លូវចំនួនបីខ្សែ នៅក្នុងក្រុងកំពង់ចាមដែលកំពុងតែដំណើរការស្ថាបនាក្រាលកៅស៊ូប្រភេទAC នេះ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនដល់ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ចាម មានផ្លូវស្អាតប្រើប្រាស់ និងប្រកបដោយគុណភាព។ ពីមួយឆ្នាំទៅមួយឆ្នាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែគិតគូរពីការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន សំដៅឲ្យមានការរីកចម្រើន ធ្វើយ៉ាងណាឲ្យក្រុងកំពង់ចាម ក្លាយទៅជាគោលដៅទេសចរណ៍ទាក់ទាញភ្ញៀវមកកម្សាន្តលេងគ្រប់រដូវកាលផងដែរ៕