ភ្នំពេញ៖ លោករដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកប្រធានរដ្ឋបាលជលផល បានអញ្ជើញពិនិត្យសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីកំពុងមមា ញឹក ទិញត្រីធ្វើផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរ ទុកជាស្បៀងប្រចាំឆ្នាំ នៅគន្លង ដាយត្រីលេខ ១៣ ១៤ និង ១៥ (កំពង់ហ្លូង) ក្នុងស្រុកពញាឭ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
ម្ចាស់ដាយត្រីបានឲ្យដឹងថា ថ្ងៃនេះជាថ្ងៃដំបូងត្រីប្រហុកចុះច្រើន ដាយលេខ ១៣ និង ១៤ លើកម្តងៗបានប្រមាណជា ១ ០០០គីឡូក្រាម ហើយ ១ម៉ោងលើកម្តង។ ដោយសារថ្ងៃនេះជាថ្ងៃទី៣ ដែលមានសន្ទះត្រីចុះបានគ្រាន់បើ ប្រសើរជាងពីរថ្ងៃដំបូងតម្លៃត្រីប្រហុកហាក់ខ្ពស់បន្តិចគឺមានតម្លៃ ៥ ០០០រៀលក្នុងមួយគីឡូក្រាម។
ដោយឡែក ដាយលេខ ១៥ លើកម្តងបានប្រមាណ ជា ១ ០០០-១ ៥០០គីឡូក្រាម ហើយតម្លៃក៏ល្អជាងគឺ ៣ ០០០រៀលក្នុងមួយគីឡូក្រាម។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា បើគិតជាផលចាប់ទឹកសាបសរុប ក្នុងឆ្នាំនេះអាចមានកម្រិតទាបជាងឆ្នាំកន្លងមកប្រមាណ ១៣ភាគរយ ដោយសារកម្ពស់ទឹកជំនន់ទន្លេមេគង្គស្ថិតក្នុងកម្រិតទាបហើយបានអូសបន្លាយជាងមួយខែ ។
តាមមន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងថា កម្រិតកំពស់ទឹកនៅទីតាំងដាយត្រីនាពេលបច្ចុប្បន្នមានកំពស់ខ្ពស់ជាងឆ្នាំ២០១៩ចំនួនមួយម៉ែត្រនៅឡើយ ហើយល្បឿននៃទឹកហូរវិញក៏មានសភាពហូរខ្លាំងល្អ ដែលជាក្តីសង្ឃឹមថានៅខ្នើតក្រោយអាចមានត្រីបន្តចេញពីទន្លេសាបបន្តទៀត ។ តែទោះជាយ៉ាងណា តាមលក្ខណបច្ចេកទេស រួមទាំងវិសាលភាពនៃទឹកជំនន់ក្នុងបឹងទន្លេសាប ការប្រែប្រួលអាកាសធាតុ រដ្ឋបាលជលផលបានព្យាករណ៍ផលចាប់សរុបតាមដាយត្រីសម្រាប់ឆ្នាំនេះអាចទាបជាងឆ្នាំ២០១៩ ប្រហែលជា ៣១ភាគរយ ចាប់ពី ១៤ ៣២០តោន មកនៅត្រឹម ៩ ៩០០តោន នាឆ្នាំនេះ។
ចំពោះផលនេសាទក្នុងដែននេសាទនាឆ្នាំ២០១៩ មានចំនួន ៣២៦ ៥០០តោន ហើយឆ្នាំ២០២០ មានចំនួន២៦៨ ០០០តោន។ ទន្ទឹមនឹងនេះ ផលដែលទទួលបានពីការធ្វើវារីវប្បកម្មមានការកើនឡើងប្រមាណ ៣០ភាគរយ បើប្រៀបធៀបក្នុងឆ្នាំ២០១៩ មានចំនួន ៣០៧ ៤០៨តោន និងឆ្នាំនេះអាចទទួលបានចំនួន ៤០០ ៤០០តោន។
លោករដ្ឋមន្ត្រី វេង សាខុន បានអំពាវនាវឲ្យប្រជាពលរដ្ឋមកធ្វើផ្អក និងប្រហុកឲ្យបានច្រើននៅខ្នើតនេះ និងខ្នើតបន្ទាប់ ក្នុងអំឡុងខែមករាខាងមុខនេះ ៕