ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួប លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្ដាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្ដី បានស្នើឱ្យភាគីអូស្ដ្រាលីផ្ដល់មន្រ្ដីបច្ចេសទេសការពារអ្នកប្រើប្រាស់ (Consumer Protection) មកប្រចាំការនៅកម្ពុជា ដើម្បីចែករំលែកបទពិសោធ និងលើកម្ពស់ប្រសិទ្ធភាពការងារ សំដៅបង្កើនបរិមាណនាំចេញផលិតផលកម្ពុជាទៅអូស្ដ្រាលី និងស្នើសុំឱ្យភាគីអូស្ដ្រាលីបន្ដគាំទ្រផ្ដល់អាហារ រូបករណ៍ជូនកម្ពុជា។ ហើយបានស្នើរឲ្យក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចអូស្រ្ដាលីទាំងឡាយមកវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប លោកអគ្គរាជទូត បានបញ្ជាក់ថា អូស្រ្ដាលីនឹងបន្ដផ្ដល់អាហា រូបករណ៍ជូនកម្ពុជា ហើយក៏បានកោតសសើរកម្ពុជា ទោះបីក្នុងស្ថានភាពលំបាក់ក្នុងវិបត្តកូវីដ-១៩ ការនាំចេញអង្ករផ្កាម្លិះខ្មែរទៅអូស្ដ្រាលី បានកើនឡើងប្រមាណ ៦០ភាគរយ។
លោកឯកអគ្គរាជទូត ក៏បានជម្រាបគម្រោង CAVAC ដែលភាគីអូស្រ្ដាលីបានគាំទ្រ ដែលហ្វឹកហ្វឺនកសិករខ្មែរប្រមាណ ២០០០នាក់ក្នុងវិស័យអេឡិចត្រូនិចដើម្បីលក់ផលិតផលរបស់ខ្លួនតាមប្រព័ន្ធអនឡាញ។
លោក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានជម្រាបឯកអគ្គរាជទូត នូវកម្មវិធីពាណិជ្ជ កម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់កម្ពុជា Go4eCam ដែលក្រសួងពាណិជ្ជកម្មបានបង្កើតឡើងដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ផងដែរ។ ជាមួយនេះដែរ លោករដ្ឋមន្រ្ដី បានជំរុញឱ្យសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់លើវិស័យពាណិជ្ជ កម្ម និងវិនិយោគ៕