ភ្នំពេញៈ តុលាការបានសម្រេចចោទប្រកាន់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយអនុលោមតាមមាត្រា ៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលត្រូវប្រឈមនឹងការផ្តន្ទានទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ ៥ឆ្នាំ។ ការចោទប្រកាន់នេះ គឺដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ការចោទប្រកាន់នេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានផ្ញើលិខិតមួយទៅលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុត ចំពោះទណ្ឌិត សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រកម្ពុជា។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចាត់ទុកថា «ខ្លឹមសារនៃសារដែលឈ្មោះសម រង្ស៉ី បាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្តាញសង្គមនេះ គឺជាការប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរទូទាំងប្រទេស»។
លោករដ្ឋមន្រ្តី បានបន្ថែមថា ទង្វើនេះគឺជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌដែល មានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ។
សម្រាប់ ព្រះអង្គម្ចាស់ ស៊ី សុវត្ថិ ធម្មិកោ ជាទីប្រឹក្សាព្រះមហាក្សត្រ មានបន្ទូលថា« ខ្ញុំមានការលោកស្តាយយ៉ាងខ្លាំងជុំវិញការចោទប្រកាន់ពីលោក សម រង្ស៊ីលើអង្គព្រះមហាក្សត្រ ពីព្រោះ លោកធ្លាប់ធ្វើជាអ្នកតំណាងរាស្រ្ត៣ឬ៤អាណត្តិមកហើយ។ចំណែក ព្រះមហាក្សត្រគឺ ព្រះអង្គគ្រងរាជ្យសម្បត្តិ គឺអាស្រ័យ ដោយរដ្ឋធម្មនុញ្ញ សម្តី សម រង្ស៊ី វាជារឿងអយុត្តិធម៌សម្រាប់ព្រះអង្គណាស់ ការប្រមាថរបស់ លោក សម រង្ស៊ី ដែលបង្ហាញថា សម រង្ស៊ី មិនសមជាអ្នកនយោបាយទេ។
ព្រះអង្គបន្ថែមថា ការប្រមាថនិងវាយប្រហារនេះគឺមិនសក្តិសមជាអ្នកនយោបាយទេ មានន័យថា អ្នកនយោបាយខ្មែរត្រូវបានបរទេសមើលឃើញនិងវាយតម្លៃ ពីការមិនលើកតម្លៃកិត្តិយសជាតិ និងកេរ្តិ៍ឈ្មោះប្រជាជាតិយើងនោះទេ។
ប៉ុន្តែលោក កឹម សុខា ជាដៃគូរនយោបាយចាក់ទឹកមិនលេច នៅថ្ងៃទី២៨ ខែធ្នូនេះ បែរជាផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២១នេះទៅវិញ ដែលត្រូវបានអ្នកវិភាគលើកឡើងថា« ស្មើនឹងទះកំផ្លៀងលើអតីតមេដឹកនាំសង្រ្គោះជាតិយ៉ាងអាមាស់មុខ។
សារលិខិត លោក កឹម សុខា មានខ្លឹងសារថា «នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរសាទរ ចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនាមហាប្រសេីរ និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះបញ្ញាញាណ ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតព្រះរោគាព្យាធិនានា និងទ្រង់គង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រ»។
ចំណែក លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានមានប្រសាសន៍ចាត់ទុកទង្វើលោក សម រង្ស៊ីជុំវិញការជេរប្រមាថលើសម្តេចតេជោ និងអង្គព្រះមហាក្សត្រ គឺ ដើម្បីធ្វើឲ្យមានការចាប់អារម្មណ៍ពីសម្តេចក៏ដូចជាប្រជាពលរដ្ឋ ប៉ុន្តែរហូតមកដល់ពេលនេះ ចម្លើយមានរួចជាស្រេចទៅហើយ គឺគ្មានការរៃអង្គាសទេ ផ្ទុយទៅវិញប្រជាពលរដ្ឋនៅតែបន្តចូលរួមដែលជាមហាចលនាមួយធ្វើឲ្យសម ង្ស៊ីអស់តម្លៃ ឬជាបរាជ័យមួយរបស់គាត់(សម រង្ស៊ី)តែម្តង។
លោកបានបន្ថែមទៀតថា «និន្នាការនយោបាយ សម រង្ស៊ី នៅតែមានគោលការណ៍ធ្វើនយោបាយ បម្រើបរទេសមកបំផ្លាញជាតិឯង បុគ្គល សម រង្ស៊ី មិនត្រឹមតែមើលងាយលើប្រជាប្រពលរដ្ឋខ្មែរប៉ុណ្ណោះទេ រហូតដល់ជេរប្រមាថលើអង្គព្រះមហាក្សត្រទៅទៀត ដូច្នោះខ្ញុំអាចបញ្ជាក់ជូនថា ជាពេលអវសាននៃនយោបាយ សម រង្ស៊ី ហើយ។