ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ស៊ាង ថៃ ដឹងនាំ​​កិច្ចប្រជុំស្តីពីការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្មដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)

(ភ្នំពេញ)៖ លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានការចូលរួមពី មន្រ្តូីជាន់ខ្ពស់ ប្រធាននាយកដ្ឋាន ប្រធានស្តីទីនាយកដ្ឋាន ប្រធានស្តីទីវិទ្យាស្ថាន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ ទទួលធាតុចូល និងកំណត់ទិសដៅសកម្មភាពសម្រាប់ធើ្វការសិក្សាស្រាវជ្រាវបន្ថែមទៀត ។
លោក​រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ដោយអនុវត្តតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតី​តេ​​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមការងាររៀបចំយុទ្ធសាស្ត្រទាញយកផលប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាជាហត្ថលេខី។

ហេតុនេះក្រុមការងារសិក្សាស្រាវជ្រាវត្រូវបានបង្កើតឡើងដើម្បីសិក្សាស្រាវជ្រាវ និងរៀបចំយុទ្ធសាស្រ្តជម្រុញការនាំចេញតាមសេចក្តីប្រកាស លេខ ២៩១ ព.ណ.អប.ប្រក ស្តីពីការកែសម្រួលក្រុមការងាររៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ក្រុមការងារបានជម្រាបជូនអង្គប្រជុំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវកន្លងមក លើទំនិញចំនួន ៩មុខ មានដូចជា៖ វិស័យសម្លៀកបំពាក់ វិស័យស្បែកជើង តំបន់សេដ្ឋកិច្ចពិសេស វិស័យដំឡើងកម្មន្តសាលធុនស្រាល វិស័យចំណីអាហារកែច្នៃ វិស័យជលផល វិស័យអង្ករវិស័យដំឡូងមី និងកៅស៊ូធម្មជាតិ ដើម្បីជម្រុញការនាំចេញទៅកាន់ប្រទេសចិន និងលក្ខខណ្ឌច្រកចូលទីផ្សារប្រទេសចិន ហើយបានធ្វើការសិក្សាអំពីទំហំពាណិជ្ជកម្មក្នុងពិភពលោក ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក និងទៅកាន់ទីផ្សារប្រទេសនាំចូលធំៗ ដែលជាដៃគូពាណិជ្ជកម្ម។

ជាពិសេសគឺការសិក្សា និងវិភាគអំពីចំនុចខ្លាំង ចំនុចខ្សោយ ឱកាស ការគំរាមកំហែង (SWOT Analysis) ដើម្បីកំណត់ថាទំនិញណាជាផលិតផលថ្មី ផលិតផលកំពុងលូតលាស់ ផលិតផលមានភាពចាស់ទុំ ដើម្បីមានភាពងាយស្រួយធ្វើការជម្រុញការនាំចេញបន្ថែមទៀត។
លើសពីនេះ ក្រុមការងារ ក៏បានសិក្សាអំពីរបបពន្ធ (ពន្ធគយនាំចូល) ទៅតាមប្រភេទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី (MFN) តាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានចិន (ACFTA) តាមភាពអនុគ្រោះពិសេសម្រាប់កម្ពុជា Preferential tariff for Cambodia (China’s Special preferential duty) និងតាមឋានៈប្រទេស ដែលមាន ការអភិវឌ្ឍន៍តិចតួច (LDC) ដើម្បីពិនិត្យមើលការនាំចេញតាមកិច្ចព្រមព្រៀងមួយណា ដើម្បីទទួលភាពអនុគ្រោះបំផុត និងបានសិក្សាផងដែរចំពោះរបាំងបច្ចេកទេសរបស់ប្រទេសចិនក្នុងការនាំចូលចំពោះទំនិញនីមួយៗ។