ក្រោមព្រះរាជកិច្ចដឹកនាំ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានធ្វើឲ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ និងក្លាយជារដ្ឋដ៏ជឿនលឿនមួយនៅក្នុងតំបន់ ព្រមទាំងទទួលបានការកោតសរសើរលើឆាកអន្តរជាតិ ក្រោមចលនាសង្គមរាស្រ្តនិយម ដែលមានព្រះអង្គជាព្រះមហាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ។
នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦៩ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា–បារាំង ព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមដំណើរការរោងចក្រខ្មែរចម្រញ់ប្រេងកាតរបស់ខ្លួន ក្នុងទឹកដីនៃខេត្តព្រះសីហនុ ដែលមានដើមទុនវិនិយោគចំនួន ២២០លានរៀល ក្នុងនោះ រដ្ឋកាន់កាប់ភាគហ៊ុនចំនួន ៦៥ភាគរយ និងក្រុមហ៊ុនបារាំងអែលហ៍្វ អ៊ុយញូ កាន់កាប់ភាគហ៊ុនចំនួន ៣៥ភាគរយតែប៉ុណ្ណោះ ហើយដែលរោងចក្រចម្រាញ់ប្រេងកាតនេះមានសមត្ថភាពចម្រាញ់ និងលក់ផលិតផលដំបូងបាន ៦០០,០០០តោន នៃប្រេងកាតឆៅ សមត្ថភាពទទួលកប៉ាល់ដឹកប្រេងកាត់ទម្ងន់ ៤៥,០០០តោនបាន និងចម្រាញ់ប្រេងកាតឆៅ ៥០០ ពាន់តោនក្នុងមួយឆ្នាំ តម្លៃរោងចក្របានកើនឡើងដល់ ៤០០លានរៀល និងវិនិយោគទុនសរុបមានតម្លៃ ៨០០លានរៀល ។
សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធឲ្យដំណើរការជាផ្លូវការ នៃរោងចក្រខ្មែរចម្រាញ់ប្រេងកាត ក្នុងក្រុងព្រះសីហនុ នាថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ១៩៦៩ នៅចំពោះមុខលោរដ្ឋមន្រ្តីប្រតិភូបារាំង ទទួលបន្ទុកផ្នែកផែនការណ៍ និងការរៀបចំដែនដី និងលោកជំទាវ អង់ដ្រេ បេតតង់កួរ។ (រោងចក្រនេះបានទទួលរងការបំផ្លាញក្រោយរដ្ឋប្រហារឆ្នាំ១៩៧០)។
ប្រទេសកម្ពុជា ចាប់តាំងពីទទួលបានឋានៈជាប្រទេសឯករាជ្យ អព្យាក្រឹត ពុទ្ធសាសនិក ក្រោមព្រះរាជបូនីយកិច្ច្ច នៃសម្តេចព្រះ នរោត្តម សីហនុ និងដែលបានបង្កើតឡើងនូវចលនាសង្គមរាស្ត្រនិយម ដោយព្រះគតិបណ្ឌិតដ៏ឈ្លាសវាងវៃភ្លឺថ្លានៃ សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ របសយើងរៀងមក ព្រះរាជាណាចក្រទាំងមូលមានសាមគ្គី ស្រុះគ្នាដូចគេវេញខ្សែបញ្ចូលគ្នាធ្លុងមាំមួនរឹងប៉ឹង យើងបានប្រកបដោយសន្តិសុខ សន្តិភាព វឌ្ឍនភាព លូតលាស់ ចម្រុងចម្រើនកើតកើនឡើងជានិច្ច ស្ទើរតែនឹងគណនាត្រារាប់ពុំបានប្រមាណពុំអស់ និងមានកិត្តិនាមថា ខ្មែរជួយខ្មែរគ្នាឯងដោយពេញសមត្ថភាព ខ្មែរបង្កើតជីវភាពខ្លួនឯង បង្កើតសុខសន្តិភាពខ្លួនឯង បង្កើតវឌ្ឍនភាពខ្លួនឯង ខ្មែរមានកល្យាណមិត្រច្រើនក្នុងសកលលោក និងជារដ្ឋគម្រូដ៏អស្ចារ្យមួយក្នុងការដឹកនាំប្រទេសជាតិរបស់ខ្លួន។