(រាជធានីភ្នំពេញ)៖ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ដោយមានការសហការពី មន្រ្តីនៃនាយកដ្ឋានមន្ទីរពសោធន៍ មន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានី និងអាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត (ក.ប.ប.) ចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារ នៅផ្សារនាគមាស និងផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ៥៧គំរូរួមមាន៖ ប្រហិត មី គុយទាវ លត បាញ់កាញ់ គ្រឿងសមុទ្រ និងបន្លែ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។
ជាលទ្ធផលមន្រ្តីជំនាញពុំរកឃើញផលិតផលណាដែលមានភាពមិនប្រក្រតីនោះទេ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលេីផលិតផលទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕