ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន (YAMATO GREEN) នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ។
លោក មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក នីឈីកាហ្សេ តោរុ (Nishikaze Toru) ប្រធានអង្គការ JICA លោកស្រី ម៉ារីសា ហារូតា (Marisa Haruta) ប្រធានអង្គការ JETRO លោក កាន់ដា យ៉ូហ្គូ (Kanda Yogo) ប្រធានសមាគម JBAC ។
លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ការវិនិយោគរបស់ក្រុមហ៊ុន Yamato Green លើវិស័យកសិ-ពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ព្រោះកសិ-ពាណិជ្ជកម្មជាវិស័យមួយដែលមានសក្ដានុពលខ្ពស់នៅកម្ពុជា និងមិនទាន់មានការអភិវឌ្ឍ ឬវិនិយោគច្រើននៅឡើយ។
លោករដ្ឋមន្ត្រី បានបន្ថែមថា ក្នុងនាមភាពជាដៃគូអភិវឌ្ឍន៍ឧស្សាហកម្ម និងកសិ-ពាណិជ្ជកម្ម ក្រុមហ៊ុន Yamato Green នឹងក្លាយជាដៃគូមួយសម្រាប់អភិវឌ្ឍន៍ផលិតកម្ម កសិ-ពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព និងការផ្តល់បច្ចេកទេសកែច្នៃ ការវេចខ្ចប់ ព្រមទាំងនីតិវិធីផ្សេងៗ ដើម្បីបង្កើនឱកាសក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញប្រកបដោយប្រសិទ្ធភាព។ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទងទៅនឹងផលិតកម្មតាមគំរូអាជីវកម្មប្រកបដោយនិរន្តរភាពនៅក្នុងយុគសម័យឌីជីថល ការចូលរួមរបស់ក្រុមហ៊ុន Yamato Green ក្នុងការអភិវឌ្ឍម៉ូដែលផលិតកម្មមួយ ដែលមានបច្ចេកវិទ្យា ជឿនលឿន នឹងជំរុញផលិតកម្មក្នុងស្រុកនាពេលបច្ចុប្បន្ន។
«ក្រុមហ៊ុន សហគ្រាសធុនតូចនិងមធ្យម និងក្រុមកសិករផលិតនឹងមានលទ្ធភាពក្នុងការបង្កើតខ្សែច្រវាក់តម្លៃផ្គត់ផ្គង់ ដែលប្រកបដោយបរិយាប័ន្ន និងទទួលបានឧត្តមភាពប្រកួតប្រជែងសម្រាប់ជ្រៀតចូលទីផ្សារ និងធ្វើពិពិធកម្មទីផ្សារ ឱ្យមានវិសាលភាពទូលំទូលាយ។»
សូមបញ្ជាក់ថា ក្រុមហ៊ុន Yamato Green ជាបុត្រសម្ព័ន្ធក្រុមហ៊ុនជំនួញជប៉ុនធំៗ រួមមានធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ផ្សារទំនើប និងក្រុមហ៊ុនរបស់ប្រទេសជប៉ុនជាដៃគូចំនួន ១៦ក្រុមហ៊ុន។ ក្រុមហ៊ុនបានរៀបចំបង្កើតជាគំរូខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីធានាឱ្យបានទាំងបរិមាណនិងគុណភាពផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងប្រទេស និងនាំចេញឱ្យមានចីរភាព តាមរយៈការធ្វើអាជីវកម្ម Franchise នៃគំរូផលិតដែលស្របតាមខ្នាត និងស្តង់ដារកំណត់តែមួយ៕