ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារជំនាញ រកយុទ្ធសាស្ត្រដោះស្រាយបញ្ហាប្រឈមនានា ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិកូវីដ១៩ កាលពី រសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
អង្គប្រជុំបានប្រកាសអំពីសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព និងភារកិច្ចក្រុមការងារ ដើម្បីជំរុញ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេស ចរណ៍ជំហានទី១ ចំណុះឱ្យក្រុមការងារជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
អង្គប្រជុំបានពិភាក្សា និងទទួលបានអនុសាសន៍គន្លឹះមួយចំនួនពីលោកបណ្ឌិត ថោង ខុន និងថ្នាក់ដឹកនាំ ដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖
ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។
ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ សម្រាប់ការរៀបចំព្រឹត្តិការណ៍នៅតាមគោលដៅទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា។
លោក បណ្ឌិត ថោង ខុន បានខិតខំប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាឱកាសក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងត្រៀមខ្លួនដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈផែនទីចង្អុលផ្លូវក្នុងការស្តារវិស័យទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩ និងផែនការត្រៀមរៀបចំកញ្ចប់ទស្សនកិច្ច Travel Bubble ជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងជាមួយចិន ជប៉ុន កូរ៉េ ក្នុងរយះពេលដ៏ខ្លីខាងមុខនេះ៕