ត្បូងឃ្មុំ៖ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ បានចុះជួបផ្ទាល់ជាមួយកសិករចំនួន ១៥៣គ្រួសារ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ។
ក្នុងការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋលោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានដាក់ម៉ាស៊ីនបូមទឹកពីទន្លេចូលប្រឡាយវត្តគគី និងប្រលាយទួលតាចក់ នៅភូមិទី២ និងទី៣ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ សម្រាប់ស្រោចស្រពផលដំណាំ និងធ្វើស្រែចំការ របស់កសិករចំនួន ១៥៣គ្រួសារ ស្មើនឹង ២០០ហិកតា ។
លោក ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវជំរុញ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ចការវិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ ជាពិសេសលើវិស័យកសិកម្ម ដែលជាវិស័យ ដ៏មានសក្តានុពលរបស់ខេត្ត ដើម្បីបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕