ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធានរដ្ឋសភាកម្ពុជា និងចិនគាំទ្រសមិទ្ធផលជាច្រើនកើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ

រដ្ឋសភាកម្ពុជា និងចិនបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះសមិទ្ធផលជាច្រើនដែលកើតចេញទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អក្នុងរយៈពេល៦៣ឆ្នាំនៃចំណងការទូតនៃប្រទេស​ទាំងពីរ។

ប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លី ចានស៊ូ ប្រធានសភាប្រជាជនទូទាំង​ប្រទេសចិន បានប្តេជ្ញារួមគ្នាគាំទ្រ និងថែរក្សា លើកកម្ពស់ទំនាក់ទំនងជាប្រពៃណីនៃប្រទេសទាំងពីរឲ្យបាន​រឹងមាំយូរអង្វែងដើម្បីតម្កល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងសងខាង។

ការបេ្តជ្ញាចិត្តរបស់ថ្នាក់ដឹកនាំសភាប្រទេសទាំងពីរបានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ​នៅ​រសៀល​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំនោះសម្តេចប្រធានរដ្ឋសភាបានលើឡើងថា៦៣ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរបានចាក់ឬសយ៉ាងរឹងមាំ និងក្លាយជាកិច្ចសហប្រតិបត្តិការភាពជា​ដៃគូ​យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលបានផ្តល់ផលប្រយោជន៍សន្ធឹកសន្ធាប់សម្រាប់ប្រជាជនទាំងសងខាង និង​បានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងវិបុលភាព ក្នុងតំបន់ និងសកលលោកទៀតផង។

សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល​ប្រទេស​ទាំងពីរក្នុងការពង្រឹង និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាអាទិ៍មាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ​ផ្សេងៗ​ទៀតជាច្រើន។

លោក លី ចានស៊ូ បានកត់សម្គាល់ថាឆ្នាំ២០២០ជាឆ្នាំដែលពិភពលោកជួបការលំបាកយ៉ាងខ្លាំងដោយ​សារជំងឺកូវីដ​១៩ហើយកម្ពុជានិងចិនបានពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ​កាន់តែរឹងមាំឡើង តាមរយៈសកម្មភាពជួយគ្នាទៅវិញទៅមក នៅក្នុងនោះមានដំណើរទស្សនកិច្ចរបស់សម្តេចតេ​ជោ ហ៊ុន សែន មកកាន់ប្រទេសចិន ។

បន្ទាប់មកប្រទេសចិនបានបញ្ជួនជំនួយជាសម្ភារៈវេជ្ជសាស្រ្ត និង​ក្រុមគ្រូ​ពេទ្យទៅកាន់ប្រទេសកម្ពុជាចូលរួមប្រយុទ្ធប្រឆំាងជំងឺកូវី ដ១៩។

នាពេលថ្មីៗកន្លងទៅនេះ ​​មិត្តចិនដោយមាន លោក ស៊ី ជីនពីង ប្រធានាធិបតី បានថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ​សីហនុ ព្រះវររាជមាតាជាតិខ្មែរ នូវគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់ “មិត្តភាពនៃសាធារណរដ្ឋប្រជាមានិត​ចិន” និងបានផ្តល់វ៉ាក់សំាងការពារកូវីដ១៩ដល់ប្រទេសកម្ពុជាទៀតផង។

លោក លី ចានស៊ូ បានលើកឡើងថាវ៉ាក់សំាងការពារជំងឺកូវីដ១៩ ប្រទេសចិនមានតម្រូវការច្រើនក្នុងការ​ចាក់​ជូនពលរដ្ឋខ្លួន ប៉ុន្តែផ្អែកលើចំណងមិត្តភាពដ៏ល្អរវាងប្រទេសនិងប្រជាជននៃប្រទេសទំាងពីរ ប្រទេសចិនមិន​ភ្លេចមិត្តកម្ពុជានោះឡើយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអរគុណដល់ប្រទេសចិនដែលជានិច្ចកាលគាំទ្រដល់បុព្វហេតុដ៏ត្រឹម​ត្រូវរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសនៅក្នុងពេលថ្មីៗនេះមិត្តចិនបានសម្រេចឧបត្ថម្ភវ៉ាក់សំាងចំនួន ១លានដូសដល់កម្ពុជា។

វ៉ាក់សាំងដែលរកឃើញដោយប្រទេសចិននោះនឹងចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត-១៩ នៅកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូល។

សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ក្នុងគ្រាដ៏លំបាកនេះ ដូចជាពេលផ្ទុះឡើងនូវជំងឺកូវីដ១៩នេះ ទំនាក់​ទំនងទ្វេភាគីប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅ។

ពិតណាស់ដូចសុភាសិតខ្មែរពោលថា មិត្តពិតប្រាកដជាមិត្តដែលជួយគ្នាក្នុងគ្រាក្រ។ សម្តេចប្រធានរដ្ឋសភា មាប្រសាសន៍ថា កម្ពុជាតែងតែប្រកាន់​ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ “គោលនយោបា យចិនតែមួយ” និងគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងកិច្ច​ការពារអធិបតេយ្យជាតិ និងបូរណភាពដែនដី។

ប្រធានស្ថាប័នសភាប្រទេសកម្ពុជានិងចិន បានប្រកាសពីការត្រៀមជាស្រេច ក្នុងការពង្រឹងកិច្ចសហការឲ្យជិត​ស្និទ្ធថែម​ទៀត រវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែលត្រូវ​បានកសាងយ៉ាងរឹងមាំ ដោយថ្នាក់ដឹកនាំជំនាន់មុនៗឱ្យកាន់តែស្អិតរមួត និងស្ថិតស្ថេរយូរអង្វែង និងបន្តគាំទ្រ​គ្នា​ទៅវិញទៅមករវាងស្ថាប័ន សភាទាំងពីរនៅលើបញ្ហាតំបន់ និងអន្តរជាតិ។

លោក លី ចានស៊ូ បានគូសបញ្ជាក់ថាកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរមានសារៈសំខាន់ណាស់​ហើយសភាប្រជាជន​ចិនបានភ្ជាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិដ៏ល្អជាមួយព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជា។

លោកបានស្នើឲ្យ​ស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរបន្តរក្សាទំនាក់ទំនងជាមួយគ្នាតាមប្រព័ន្ធវីដេអូនៅគ្រាដែលជំងឺកូវីដ១៩ មិនទាន់ធូរស្រាល លុះជំងឺនេះបានធូរស្រាល សភាប្រទេសទាំងពីរគួរបង្កើតការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៅគ្រប់កម្រិតរវាងគ្នាទៅវិញទៅមកឡើងវិញ។

លោកបានប្រកាសថា ជាថ្មីថា ចិនបានត្រៀមជួយកម្ពុជានៅគ្រប់កាលៈទេសៈ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនិង​ជីវភាព​ប្រជាពលរដ្ឋជាជនកម្ពុជា៕