ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកវិនិយោគចិន៖ គ្រោងបង្កើតវិទ្យស្ថានស្រាវជ្រាវ រុក្ខជាតិឱសថ និងតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម នៅកម្ពុជា

ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
បានទទួលជួបប្រតិភូមកពីក្រុមហ៊ុន Khmer Holding Group ដែលដឹកនាំដោយលោក ឧកញ៉ា ឆាវ អ៊ីនទ័រ ដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនលោករដ្ឋមន្រ្តីអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគលើការដាំដុះរុក្ខជាតិឱសថ បង្កើតវិទ្យស្ថានស្រាវជ្រាវ រុក្ខជាតិឱសថ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
លោកមរដ្ឋមន្ត្រីបានកោតសសើរ ក្រុមការងារដែលបានខិតខំប្រឹងប្រែងរៀបចំគម្រោងវិនិយោគលើកម្មវត្ថុសំខាន់បីគឺ៖ ទី១- ធ្វើការវិនិយោគដាំដុះរុក្ខជាតិឱសថ ទី២- បង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ ដំណាំកសិកម្ម និងផលិតជីសរីរាង្គ និងទី៣- បង្កើតតំបន់សេដ្ឋកិច្ចពិសេសបម្រើឲ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។
លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា គម្រោងវិនិយោគដែលជាជំនួយរបស់រដ្ឋាភិបាលចិននេះ ពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឲ្យកាន់តែស៊ីជម្រៅ រឹងមាំ គ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូអង្វែងថែមទៀត។
លោកឧកញ៉ា ឆាវ អ៊ីនទ័រ ក្នុងនាមប្រតិភូបានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានទទួលជួបប្រតិភូ និងបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចសហការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានយ៉ាងល្អប្រសើរក្នុងឆន្ទ:ចូលរួមអភិវឌ្ឍន៍វិស័យរុក្ខជាតិឱសថកម្ពុជា ក៏ដូចជាវិស័យកសិកម្មនាពេលអនាគត។
លោកាឧកញ៉ា បានបញ្ជាក់ថា ក្រុមការងារបានចុះសិក្សាស្រាវជ្រាវលើគុណភាពដី ប្រភពទឹក ស្ថានភាពក្សេត្របរិស្ថាន ផ្លូវគមនាគមន៍ នៅតាមបណ្តាខេត្តគោលដៅមានខេត្តមណ្ឌលគីរី ឧត្តរមានជ័យ ស្ទឹងត្រែង និងខេត្តកោះកុងដើម្បីជ្រើសយកជាកន្លែងបង្កើតវិទ្យាស្ថានដាំដុះ និងស្រាវជ្រាវរុក្ខជាតិឱសថ និងរោងចក្រចំរាញ់ កែច្នៃ វេចខ្ចប់ សម្រាប់នាំចេញ។
ដោយឡែកខេត្តកំពង់ស្ពឺជ្រើសរើស រកទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ប្រើឲ្យវិស័យកសិ-ឧស្សាហកម្ម។ បច្ចុប្បន្នទីតាំងមួយចំនួនត្រូវបានជ្រើសរើសជាអាទិភាពរួច រង់ចាំវាយតម្លៃចុងក្រោយ ហើយក៏កំពុងរៀបចំឯកសារគតិយុត្ត ដើម្បីដាក់ជូនទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិនិត្យសម្រេច៕