ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនFirst Aquatic Indutrial Co., Ltdវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អនៅឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល

ក្រុមហ៊ុនFirst Aquatic Indutrial Co., Ltd កំពុងតែ​​វិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អនៅឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល ហើយនេះបើ់តាម ការ​​ចុះពិនិត្យ​ផ្ទាល់ របស់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ​។​​

លោក​ Li Xuequn អ្នកគ្រប់គ្រងទូទៅកសិដ្ឋានចិញ្ចឹមត្រីលម្អ First Aquatic Indutrial Co., Ltd បានលើក​ឡើងថា​​ កសិដ្ឋានបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៧ ដោយចំណាយទុនវិនិយោគចំនួន ៤លានដុល្លារ (មិនរួម បញ្ចូលការវិនិយោគលើការកសាងហេដ្ឋរចនាសម័ន្ធសំខាន់ៗ)។

បច្ចុប្បន្នមានចិញ្ចឹមត្រីលម្អ (ត្រីនាគ) នាំពូជចូលពីប្រទេសចិន ត្រីបបែលទឹកសាប និងត្រីទឹកសាបកម្ពុជាជាច្រើនប្រភេទទៀត ផងដែរ។

នៅឆ្នាំដំបូងនេះ កសិដ្ឋានគ្រោងនាំចេញត្រីនាគជាង ១០០០ក្បាល/ឆ្នាំ និងត្រីបបែលជាង ៥០០០ក្បាល/ឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតក្នុងតម្លៃត្រីនាគពេញវ័យលក់បាន ១០០០ដុល្លារ/ក្បាល និងត្រីបបែល ២០០ដុល្លារ/ក្បាល (តម្លៃអាស្រ័​យលើប្រភេទពូជ ពណ៌ ទំហំ និងអាយុ)។ កសិដ្ឋានប្រើកម្មករសរុប ៥០នាក់ ក្នុងនោះមានអ្នកជំនាញជលផលទាំងខ្មែរ និង​ចិនចំនួន ១០នាក់។
ចំណែក​ លោករដ្ឋមន្ត្រីបាន វាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនដែលបានចុះទុនវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អ ដែលសកម្មភាពនេះសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិនក្នុង និងក្រៅប្រទេសសំដៅលើកស្ទួយវិស័យវារីវប្បកម្ម និងការនាំចេញត្រីលម្អ ក្នុងការចូលរួមទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។

លោក​​រដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនត្រៀមរៀបចំ ឯកសារបច្ចេកទេសពាក់ព័ន្ធដល់ការចិញ្ចឹម សម្រាប់ឈានទៅដល់ការរៀបចំពិធីសារនាំចេញត្រីលម្អទៅកាន់ប្រទេសចិន ដោយត្រូវសហការជាមួយរដ្ឋបាលជលផលកម្ពុជា ធ្វើការទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយចិន ស្នើសុំបែបបទឬលក្ខខណ្ឌតម្រូវចាំបាច់នានាពីភាគីចិនជាជំហានបឋម ដើម្បីឲ្យដំណើរការនាំចេញនាពេលខាងមុខប្រព្រឹត្តទៅដោយរលូន ចៀសវាងការកកស្ទះផលិតផលដែលកសិដ្ឋានចិញ្ចឹមបាន។

រដ្ឋមន្ត្រីក្រសួងកសិកម្ម​​​បានលើកទឹកចិត្តក្រុមហ៊ុន ដោយបញ្ជាក់ថាក្រសួង ក៏ដូចរដ្ឋបាលជលផលនឹងរង់ចាំសហការ សម្របសម្រួល ដើម្បីឲ្យដំណើរការវិនិយោគចិញ្ចឹមត្រីលម្អ និងដំណើរការនាំ ចេញត្រីលម្អនេះសម្រេចទទួលបានជោគជ័យ។