(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១បានរៀបចំកម្មវិធីផ្សព្វផ្សាយអំពី លទ្ធផលនៃការអង្កេតលើលក្ខខណ្ឌតម្រូវសំខាន់ៗនៃស្លាកសញ្ញា និងសារធាតុអាហារូបត្ថម្ភសម្រាប់ផលិតផលជំនួសទឹកដោះម្តាយ។
កិច្ចប្រជុំដឹកនាំដោយ លោក ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពី លោក អគ្គនាយករង និងលោក លោកស្រី ជាម្ចាស់ និងតំណាងក្រុមហ៊ុនផលិតផលជំនួសទឹកដោះម្តាយ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងកម្មវិធីផ្សព្វផ្សាយនេះ លោក ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើបទបង្ហាញអំពីលទ្ធផលនៃការអង្កេតលើលក្ខខណ្ឌតម្រូវសំខាន់ៗនៃស្លាកសញ្ញា និងសារធាតុអាហារូបត្ថម្ភ សម្រាប់ផលិតផលជំនួសទឹកដោះម្តាយ ដើម្បីឱ្យលោក លោកស្រី ម្ចាស់ និងតំណាងក្រុមហ៊ុនផលិតផលជំនួសទឹកដោះម្តាយ បានយល់ច្បាស់អំពីច្បាប់។
កម្មវិធីផ្សព្វផ្សាយនេះបង្កើតឡើង ក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន បង្ហាញពីលទ្ធផលនៃការចុះអង្កេតលើផលិតផល ចំនួន ៦០ ម៉ាក ជំរុញឱ្យមានការអនុវត្តឱ្យបានត្រឹមត្រូវតាមអនុក្រឹត្យលេខ ១៣៣ កត្តាសំខាន់ៗដែលពាក់ព័ន្ធគុណភាពផលិតផល និងការធ្វើការអង្កេតលើសារធាតុមីក្រូអាហារូបត្ថម្ភ លទ្ធផល និងការពិភាក្សា។