ភ្នំពេញ ៖លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរជនសង្ស័យម្នាក់ ឈ្មោះ ឡុង ហ្វីលីប ថៅកែដេប៉ូបូមខ្សាច់នៅគល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ តាមនីតិវិធី នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២១នេះ ។
ជនជាប់ចោទត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួន កាលពីរសៀល២៦ ខែមករា ឆ្នាំ២០២១ ពាក់ព័ន្ធបទល្មើស ចេញសែកគ្មានប្រាក់ជាច្រើនម៉ឺនដុល្លារ។
ឈ្មោះ ឡុង ហ្វីលីប បានសារភាពថា ខ្លួនបានបើកក្រុមហ៊ុនឈ្មោះ MPL ធ្វើអាជីវកម្មបូមខ្សាច់នៅចំណុចគល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយនៅក្នុងឆ្នាំ២០១៧ ខ្លួនបានខ្ចីប្រាក់ពីប្អូនធម៌ឈ្មោះ សាយ សេងថៃ ចំនួន២ម៉ឺនដុល្លារ ដើម្បីយកទៅបង់ពន្ធរថយន្តដែកបញ្ជាទិញពីឌូបៃនាំចូលមកប្រទេសកម្ពុជា។ ប៉ុន្តែប្រាក់នេះបង់មិនគ្រប់ទើបខ្លួនសុំខ្ចីបន្ថែមចំនួន៣ម៉ឺនដុល្លារទៀត ដោយការខ្ចីម្ដងៗ ខ្លួនបានចេញសែកតម្កល់ និងដាក់ប្លង់ដី ដើម្បីធានាលើបំណុល។
ក្នុងនោះប្រាក់ដែលត្រូវបង់ពន្ធចំនួន៤៨.០០០ដុល្លារ លើរថយន្ត១២គ្រឿងដែលនាំចូល មានរថយន្តបាឡែន រថយន្តព្រូស និងរថយន្តលុចស៊ីស។ បន្ទាប់មក ខ្លួនបានលក់រថយន្តទាំងនោះអោយក្រុមហ៊ុនមួយចំនួន ប៉ុន្តែក្រុមហ៊ុនទាំងនោះស្ទះលុយបង្វិលប្រាក់សងមកខ្លួនមិនទាន់ពេលវេលាដែរ ទើបខ្លួននៅជំពាក់ប្អូនធម៌ឈ្មោះ សាយ សេងថៃ ដល់សព្វថ្ងៃនេះ។
ប៉ុន្តែក្រោយមក ប្អូនធម៌ក៏ប្តឹងសមត្ថកិច្ចចាប់ខ្លួនតែម្តង។ ឈ្មោះ ឡុង ហ្វីលីប ត្រូវបានចាប់ខ្លួនតាមដីកាបញ្ជាអោយចូលខ្លួនរបស់តុលាការ ពាក់ព័ន្ធបទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន បទរំលោភលើទំនុកចិត្ត និង បទក្លែងឯកសារសាធារណៈ ខណៈជនសង្ស័យ បាន គេចវេសមិនចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ច និង ដីកាបញ្ជាអោយចូលខ្លួនរបស់តុលាការ ជាបន្តបន្ទាប់៕