វេទិការជាតិអេកូទេសចរណ៍លើកទី២ ដែលរៀបចំឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ មានការអញ្ជើញចូលរួមពី លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង គ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេស ចរណ៍ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារ និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារ និងមានការចូលរួមពីសំណាក់ លោក ទៀ សីហា អភិបាលនៃគណអភិបាលខេត្ត ភ្ញៀវកិត្ដិយសជាតិ-អន្តរជាតិប្រមាណជាង ៥០០នាក់។
លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយនាគ្រប់កាលៈទេសៈ ហើយវិស័យទេសចរណ៍គឺជាមាសបៃតង ដែលមានការរីក ចម្រើនយ៉ាងខ្លាំង និងប្រកបដោយសក្តានុពល ស្របតាមរបៀបវារៈនៃអង្គវេទិកានាពេលនេះ ហើយពិតជាបានឆ្លើយតបយ៉ាងសមស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលលើការប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាថាជា “ ទេសចរណ៍វប្បធម៌ និងធម្មជាតិ ” និងជា ពិសេសគោលនយោ បាយជាតិ អេកូទេសចរណ៍ ២០១៩-២០៣០។
ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជាសកលជំងឺកូវីដ-១៩ សម្រាប់វិស័យកសិកម្ម យើងត្រូវចូលរួមគាំទ្រ និងជំរុញដើម្បី ប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួត ប្រជែង បរិយាប័ន្ន ធន់នឹងការ ប្រែប្រួលអាកាស ធាតុ និងនិរន្តរភាពដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ លុបបំបាត់ភាពអត់ឃ្លាន សម្រេចបានសន្តិ សុខស្បៀង ធើ្វឱ្យប្រសើរឡើងអាហារូបត្ថម្ភ និងជំរុញការអភិវឌ្ឍកសិកម្មប្រកប ដោយនិរន្តរភាព ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពតាមអភិក្រម និងវិសាលភាពថ្មីលើកកម្ពស់ពិពិធភាវូបនីយកម្មដំណាំដែលមានសក្តានុពល។
លើសពីនេះ មានតម្រូវការទីផ្សាររួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈពាណិជ្ជកម្ម ដែលយើងទាំងអស់គ្នាត្រូវចូលរួមឱ្យបានសកម្មថែមទៀត ព្រម ទាំងការអនុវត្តគោលនយោបាយពិពិធកម្មវិស័យទេសចរណ៍ដើម្បីកែប្រែជីវភាពរបស់បងប្អូនដែលប្រកបមុខរបរកសិកម្មឱ្យទៅជា “កសិ-ពាណិជ្ជករ” និងទទួលបានតម្លៃបន្ថែមក្នុងជីវភាពរស់នៅ ជាពិសេសធានាបាននូវអាហារូបត្ថម្ភ និងមានអតិរេកសម្រាប់ការនាំចេញ ដោយមិនត្រូវមើលរំលងអំពីការបង្កើនប្រសិទ្ធភាពគ្រប់គ្រង អភិវឌ្ឍធនធានព្រៃឈើ និងជលផល ដើម្បីនិរន្តរភាពនៃភពផែនដី ប្រកបដោយភាតរបរិស្ថាន និងភាពទាក់ទាញពីភ្ញៀវទេសចរផងដែរ។
បច្ចុប្បន្នសហគមន៍នេសាទចំនួន ១៣១ ក្នុងចំណោមសហគមន៍នេសាទទាំងអស់៥១៦ មានសក្តានុពលភាពអាចបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងគោលដៅជុំរុញកំណើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិជា ចម្បង។ ជាក់ស្តែង សហគមន៍នេសាទចំនួន ២៧ បាននិងកំពុងដំណើរការទេសចរណ៍ធម្មជាតិនៅតំបន់មាត់សមុទ្រ និងតំបន់បឹងទន្លេសាបនៅក្នុង ៩ខេត្ត រួមមានខេត្តក្រចេះ ស្ទឹងត្រែង តាកែវ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ កំពត ព្រះសីហនុ កែប និងខេត្ត កោះកុង។
ដោយឡែក យើងបង្កើតសហគមន៍ព្រៃឈើនៅទូទាំងប្រទេសសរុបចំនួន ៦៣៨ ក្នុងនោះបានធ្វើផែនការគ្រប់គ្រងចំនួន១០៣ ព្រមទាំងមានតំបន់ព្រៃឈើតាមបណ្តោយដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ចម្ការកសិ-រុក្ខកម្ម ចម្ការរុក្ខទិវាថ្នាក់ជាតិ និងក្រោមជាតិ ដែលអាចអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងតំបន់លំហែកម្សាន្តផងដែរ។ ក្រៅពីសហគមន៍នេសាទ និងសហគមន៍ព្រៃឈើ ក្រសួងបានបង្កើតសហគមន៍កសិកម្មបានចំនួន១ ១៩០ និងសហភាពសហគមន៍កសិកម្មចំនួន១១ ដែលសុទ្ធតែមានសក្តានុពលសម្រាប់បង្កើតជាតំបន់កសិ-ទេស ចរណ៍នាពេលអនាគត។
វេទិកាជាតិនេះ នឹងផ្តល់ឱកាសជួបជុំគ្នាដើម្បីពិនិត្យតាម ដានអំពីវឌ្ឍនភាព កាលានុវត្តភាព បញ្ហាប្រឈម ព្រមទាំងរួមគ្នារិះរកវិធានការដោះស្រាយប្រកប ដោយគំនិតច្នៃប្រឌិត និងការបំពេញភារកិច្ចតាមគន្លងថ្មីដើម្បី ផលប្រយោជន៍រួម ជាពុទ្ធិក្នុងការ ចូលរួមចំណែកពង្រឹងការងារគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងវិស័យកសិ-ទេស ចរណ៍ រួមគ្នាជួយទ្រទ្រង់ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ និងការធានានូវចីរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។