ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកសារព័ត៌មានម្នាក់ ដែលមន្ទីរពេទ្យ ម៉ាយហ៊ែល វះកាត់ពោះវៀនដុះខ្នែង​ បានតែពីរថ្ងៃជាបែរស្លាប់ដោយអយុត្តិធម៌

ភ្នំពេញ៖ ទីបំផុត! អ្នកជំងឺឈ្មោះ អ៊ី បញ្ញា បានស្លាប់ហើយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្យាយាមជួយអស់លទ្ធភាព។

នៅមុនពេលឈានចូលគ្រោះថ្នាក់ដល់ជីវិតនេះ លោក អ៊ី បញ្ញា អាយុ២២ឆ្នាំ បានទៅទទួលការព្យាបាល វះកាត់ពោះវៀនដុះខ្នែង នៅមន្ទីរសម្រាកព្យាបាល ឯកជនឈ្មោះ ម៉ាយហ៊ែល (My Health) កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ បន្ទាប់ពីគ្រូពេទ្យគ្មានជំនាញនៃមន្ទីរពេទ្យខាងលើ វះកាត់រួច ជនរងគ្រោះបានមានអាការៈធ្ងន់ធ្ងរទៅៗ រហូតគ្រួសារបានសម្រេចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខ្មែរ-រុស្ស៊ី ប៉ុន្ដែជាអកុសល ដោយសារភាពធ្ងន់ធ្ងរនៃជំងឺ ទើបក្រុមគ្រូពេទ្យមិនអាចសង្គ្រោះបានឡើយ។

ម្តាយរបស់លោក អ៊ី បញ្ញា ក៏បានដាក់ពាក្យបណ្តឹងប្តឹងម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ផងដែរ ក្រោយធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែង ខុសបច្ចេកទេស និងធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុងការព្យាបាលបន្ត ធ្វើឲ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរ រហូតដល់ស្លាប់។

យោងតាមពាក្យបណ្តឹង គោរពចូល លោកអធិការនគរបាលខណ្ឌដង្កោ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកស្រី ស៊ឹម សម្បត្តិ រស់នៅក្នុងភូមិព្រៃស្នូល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ម្តាយរបស់លោក អ៊ី បញ្ញា ជាអ្នកសារព័ត៌មានប្រចាំអង្គភាពដំណឹងយប់មិញ បានប្តឹងម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ដែលមានទីតាំងផ្ទះលេខ ០៩-១០ AE0E1E2 ស្ថិតនៅផ្លូវទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក្រោយធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែងកូនរបស់អ្នកស្រីដោយខុសបច្ចេកទេស និងធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុងការព្យាបាលបន្ត ធ្វើឲ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរ។

នៅក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពហុព្យាបាល ម៉ាយហ៊ែល បាននាំគ្នាសម្រេចវះកាត់ជំងឺពោះវៀនដុះខ្នែងឲ្យលោក អ៊ី បញ្ញា ដែលលទ្ធផលនៃវះកាត់បានបីថ្ងៃ ស្ថានភាពជំងឺរបស់លោកមានលក្ខណៈធ្ងន់ធ្ងរខ្លាំងៗ ដូចជាហើមពោះ ពិបាកដកដង្ហើម ហើយពេលក្រុមគ្រួសារ អ្នកថែទាំងជំងឺព្យាយាមទាក់ទង ហៅពេទ្យដែលវះកាត់នោះមកពិគ្រោះ ឬតាមដានជំងឺម្តងៗ គ្មានគ្រូពេទ្យទទួលខុសត្រូវច្បាស់លាស់ឡើយ។

ពាក្យបានរៀបរាប់ថា ដោយសារបញ្ហានេះ និងដោយសារអ្នកជំងឺមានអាការៈកាន់តែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យក្រុមគ្រួសារអ្នកស្រី និងកូនក្មួយអស់ជំនឿ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ទើបម្រេចចិត្តសុំចេញពីមន្ទីរពហុព្យាបាល ម៉ាយហ៊ែល នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយមកសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

យោងតាមពាក្យបណ្តឹងដដែលបានបន្តទៀតថា លោក អ៊ី បញ្ញា មុនពេលវះកាត់ គឺមានអាការៈធម្មតា គ្រាន់តែចុកពោះតិចតួចអាចបើកបរឡានខ្លួនឯង តាំងពីស្រុកកំណើតក្នុងខេត្តតាកែវ រហូតមកដល់មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ដើម្បីពិគ្រោះជាមួយគ្រូពេទ្យអំពីមូលហេតុនៃការចុកពោះ។

ពេលនោះក្រុមគ្រូពេទ្យបាននិយាយថា ឈ្លោក អ៊ី បញ្ញា មានបញ្ហាពោះវៀនដុះខ្នែង ត្រូវវះកាត់ជាបន្ទាន់ ហើយគ្រូពេទ្យសន្យាថា វះកាត់រយៈពេលតែពីរថ្ងៃ អ្នកជំងឺនឹងជាហើយ បើមិនវះកាត់ទេ អាចមានបញ្ហាដល់អាយុជីវិត។ ចំណែកតម្លៃឈ្នូលនៃការវះកាត់វិញ មានចំនួន៦០០ដុល្លារ ប៉ុន្តែដល់ពេលអ្នកស្រីសុំយកកូនចេញ បែរជាគ្រូពេទ្យគិតលុយសរុបរហូតដល់១០០០ដុល្លារទៅវិញ។

ជាមួយគ្នានេះដែរ អ្នកស្រី ស៊ឹម សម្បត្តិ  បានស្នើសុំឲ្យលោកអធិរការនគរបាលខណ្ឌដង្កោ ជួយរកយុត្តិធម៌ ហើយចាត់ការម្ចាស់មន្ទីរពហុព្យាបាល ម៉ាយហ៊ែល តាមច្បាប់ផង។

ទោះជាយ៉ាងណា រហូតមកដល់ថ្ងៃដែលជនរងគ្រោះស្លាប់នេះ ដែលមានរយៈពេលប្រាំបីថ្ងៃហើយ គេនៅពុំទាន់ឃើញមានចំណាត់ការលើពាក្យបណ្ដឹងរបស់ជនរងគ្រោះពីមន្ត្រីជំនាញ ឬមានការចាត់វិធានការស្រាវជ្រាវណាមួយពីសំណាក់ក្រសួងសុខាភិបាលនៅឡើយទេ៕