ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក អ៊ីវ លាង ៖ មន្ត្រីអនុវត្តតួនាទីភារកិច្ចត្រូវប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ តាមគោលការណ៍ច្បាប់

 

ភ្នំពេញ៖ លោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២១របស់អគ្គាធិការដ្ឋាន នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

លោក អ៊ីវ លាង បានមានប្រសាសន៍ណែនាំប្រធាននាយកដ្ឋាន ពង្រឹងពីរបៀបរបបការងារ ពិនិត្យកំណត់លក្ខខណ្ឌការងារ បែងចែកការងារដល់មន្ត្រីទៅតាមនិស្ស័យ បណ្តុះបណ្តាលមន្ត្រី និងវិភាគមុខងារ។ ទន្ទឹមនឹងនេះ លោកអគ្គាធិការ បានស្នើឲ្យ ប្រធាននាយកដ្ឋាន ស្រាវជ្រាវរកឯកសារ ច្បាប់នានាពាក់ព័ន្ធការធ្វើអធិការកិច្ច តាមបណ្តាប្រទេសដែលកំពុងអនុវត្ត ដើម្បីបានជាធាតុចូលថ្មីបន្ថែមទៀត។

លោកអគ្គាធិការ មានប្រសាសន៍អំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រី អនុវត្តតួនាទីភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ គោលការណ៍ច្បាប់ ជៀសវាងមានកំហុសនាំឲ្យមានទណ្ឌកម្មដល់ខ្លួន និងអនុវត្តការងារដោយទន់ភ្លន់តែមិនទន់ជ្រោយ កុំរុញរាដោយឈរលើគោលការណ៍ច្បាប់ជាមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអគ្គាធិការបានអំពាវនាវដល់សាធារណៈជន ឬមន្ត្រី បើសិនបានជួបផ្ទាល់ ឬទទួលដំណឹងថា មានជន ឬមន្ត្រីណាម្នាក់ ក្លែងអះអាងថាខ្លួនជាមន្ត្រីអធិការកិច្ច ឬអគ្គាធិការដ្ឋាន ក្រសួងមហាផៃ្ទ ក្នុងគោលបំណងដើម្បីស្វែងរកលាភសក្ការៈ ផលប្រយោជន៍ សន្យាណាមួយ ឬបង្ខំឲ្យធ្វើអ្វីមួយ សូមរាយការណ៍មកជាបន្ទាន់តាមលេខទូរស័ព្ទ: ០១២ ៦៣៥ ៧៧៧ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។ ដោយកន្លងមកមានជនខិលខូចមួយចំនួនបានក្លែងអះអាងថាខ្លួនជាមន្ត្រីអធិការកិច្ច ឬអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបោកប្រាស់ ឬសន្យាណាមួយជាមួយប្រជាពលរដ្ឋ ដើម្បីប្រយោជន៍របស់ពួកគេ៕