ភ្នំពេញ៖ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និង លោក នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តព្រះសីហនុ បាននាំយកថវិការបស់សប្បុរសជនខេត្តព្រះសីហនុ ចំនួន ១០០ លានរៀលប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងការជួយពិនិត្យ ព្យាបាលកុមារកម្ពុជាដែលមានជីវភាពខ្វះខាត នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានរំលឹកពីការងារកាលលោកនៅជាអភិបាលខណ្ឌដូនពេញ ដោយមើលឃើញពីស្ថានភាពលំបាកជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ ដែលបាននាំកូនៗមកទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ឋបុប្ផា នៅជាជម្រករង់ចាំបង្គន់អនាម័យជាដើម។
លោក គួច ចំរើន បានបន្តថា យោងតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្កើត «មូលនិធិគន្ឋបុប្ផាកម្ពុជា» ដើម្បីស្វែងរកមូលនិធិបន្ថែមជួយដល់មន្ទីរពេទ្យគន្ឋបុប្ផា។ ថ្ងៃនេះថ្នាក់ដឹកនាំខេត្តព្រះសីហនុ បាននាំថវិកាមូលនិធិទ្រទ្រង់គន្ឋបុប្ផារបស់ខេត្តព្រះសីហនុ ចំនួន១០០លានរៀល មកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។
សូមបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យ កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំង០៥ទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួមបរិច្ចាគពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស៕