កំពង់ចាម៖ ការអភិវឌ្ឍន៍វិស័យកសិកម្ម គឺទាមទារចាំបាច់ត្រូវពង្រឹងគុណភាពអប់រំ ស្រាវជ្រាវ និងផ្សព្វផ្សាយអំពីបច្ចេកវិទ្យាកសិកម្មនៅថ្នាក់ឧត្តមសិក្សា។
នេះជាប្រសាសន៍ណែនាំរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីប្រកាសចូលកាន់តំណែងនាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
លោក សួន សេរី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អតីតនាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម បានរាយការណ៍អំពីវឌ្ឍនភាពរបស់វិទ្យាស្ថានទាក់ទងការអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្ម ធនធានសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត រួមទាំងសមិទ្ធផលសំខាន់ៗ កិច្ចសហការជាតិ អន្តរជាតិ បញ្ហាប្រឈមនានាដែលវិទ្យាស្ថានបានជួបប្រទះក្នុងរយៈពេលកន្លងមក។
លោករដ្ឋមន្ត្រីវេង សាខុន បានសម្តែងនូវសេចក្តីសោមនស្ស និងចូលរួមអបអរជាមួយសាស្រ្តាចារ្យ លោក គ្រូ អ្នកគ្រូ និស្សិត និងអាជ្ញាធរខេត្ត ជាពិសេស លោក ហែម វីរ: ជានាយកវិទ្យាស្ថានថ្មីដែលនឹងចូលកាន់តំណែងចាប់ពីពេលនេះតទៅ។
លោករដ្ឋមន្ត្រីបានវាយតម្លៃចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់របស់វិទ្យាស្ថាន ដោយទទួលបាននូវសមិទ្ធផល ស្នាដៃជាច្រើនគួរជាទីមោទនៈ ហើយការលះបង់ទាំងកំលាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងធនធានរបស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត សម្រេចទទួលបានសមិទ្ធផលយ៉ាងធំធេងសម្រាប់ប្រទេសជាតិ ជាពិសេសសម្រាប់ខេត្តកំពង់ចាម ស្តែងចេញឲ្យឃើញយ៉ាងច្បាស់អំពីការរីកចម្រើននៃវិស័យកសិកម្ម។
លោករដ្ឋមន្ត្រីបានណែនាំដល់នាយកវិទ្យាស្ថានថ្មី សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត នូវអនុសាសន៍គន្លឹះមួយចំនួន ទៅកែច្នៃ គិតគូពិចារណា និងព្យាយាមអនុវត្តឲ្យស្របតាមស្ថានភាពជាក់ស្តែងដែលប្រទេសយើង ក៏ដូចជាអន្តរជាតិកំពុងប្រឈម ។
ទី១- ដើម្បីពង្រឹងគុណភាពអប់រំ ត្រូវខិតខំធ្វើកំណែទម្រង់ប្រព័ន្ធសិក្សា កែលម្អ និងអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀន និងមធ្យោបាយសម្ភារបង្រៀន ឯកសារបង្រៀន ការងារពិសោធន៍ ស្រាវជ្រាវក្នុង និងក្រៅមន្ទីរពិសោធន៍ ផ្សព្វផ្សាយ ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ក៏ដូចជាគោលនយោយបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣ និងគោលនយោបាយសំខាន់ៗផ្សេងៗទៀត។
ទី២- ស្វះស្វែង កៀរគរ រកប្រភពជំនួយឧបត្ថម្ភទាំងធនធានមនុស្ស សម្ភារ និងថវិកា ពីគ្រប់មជ្ឈដ្ឋាន ដើម្បីពង្រឹងគុណភាពអប់រំ ស្រាវជ្រាវ និងពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។
ទី៣- ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យ ឯកជន សហគមន៍កសិកម្ម ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីឲ្យការអនុវត្តផែន ការសកម្មភាពអភិវឌ្ឍធនធានមនុស្សប្រព្រឹត្តដោយរលូន ផ្លែផ្កា និងទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។
ទី៤- ត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុង ប្រកាន់យកក្រមសីលធម៌ជាមន្រ្តីរាជការសាធារណក្នុងការបំពេញភារកិច្ចដូចមានចែងក្នុងជំពូកទី៥ មាត្រា៣៣ ដល់មាត្រា៣៨ ក្នុងច្បាប់ស្តីពីសហលន្តិកៈមន្ត្រីរាជការស៊ីវិល។ ដឹកនាំ និងគ្រប់គ្រងលើមន្ត្រីរាជការប្រកបដោយសមធម៌ ប្រគល់ការងារតាមសមត្ថភាព ទប់ស្កាត់រាល់សកម្មភាពបំបែកបំបាក់ផ្ទៃក្នុង និងយុត្តិធម៌។ មិនត្រូវយកតួនាទីរបស់ខ្លួនធ្វើជាខ្នងបង្អែក និងបក្សពួកខ្លួនណាមួយឡើយ មិនត្រូវលាបពណ៌គ្នាឯង ជាពិសេសមន្ត្រីនៅថ្នាក់ក្រោម មិនមើលបំណាំគ្នា និងស្តាប់យោបល់ថ្នាក់ក្រោមបង្គាប់ដោយអនុវត្តគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ”។
ទី៥- វិទ្យាស្ថានដុះ កើត និងរស់នៅដោយផ្ទាល់ជាមួយប្រជាកសិករខេត្តកំពង់ចាម ដូច្នេះត្រូវចុះមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ដើម្បីចុះសិក្សា ស្រាវជ្រាវ ស្វែងយល់ ទទួល យក និងដោះស្រាយនូវរាល់បញ្ហាទាក់ទងនឹងចំណេះ ជំនាញយើងផ្ទាល់ឲ្យបានទាន់ពេល មានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់៕