ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងខេត្ត

ព្រះវិហា៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយលោក លោកស្រីអភិបាលរងខេត្ត មេបញ្ជាកាកងកម្លាំងទាំងបីក្នុងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ អភិបាលរងខេត្ត មន្ត្រីសុខាភិបាលខេត្តនិងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។

លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខេត្តព្រះវិហារទទួលបានវ៉ាក់សាំងលើកដំបូង នឹងចាក់ជូនដល់មន្ត្រីសុខាភិបាលខេត្ត ជាមន្ត្រីនគរបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត មួយចំនួន ដោយឥតគិតថ្លៃ ទាំងនេះស្តែងឲ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ពីសុខុមាលភាពរបស់មន្រ្តីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារក៏ដូចទូទាំងប្រទេស។

លោកអភិបាលបានបន្តថា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រមុខរាជរដ្ឋាភិបាល  និងសប្បុរសជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ដែលបានជួយផ្ដល់នូវ វ៉ាក់សាំងកូវីដ និងថវិកាឧបត្ថម្ភទិញវ៉ាក់សាំង ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

លោកបានបន្តទៀតថា វ៉ាក់សាំងកូវីដ១៩ ដែលយើងនឹងគ្រោងចាក់ពេលនេះ គឺប្រទេសផលិត មហាមិត្តចិន បានប្រើប្រាស់រាប់សិបលានដូសរួចហើយ ព្រមទាំងប្រទេសនានាលើសកលលោក ក៏បានប្រើប្រាស់រួចរាល់ហើយផងដែរ។ ចំណែកព្រះរាជាណាចក្រកម្ពុជាយើងវិញ គឺប្រើប្រាស់ក្រោយគេទេ ហើយបើគិតមកដល់ថ្ងៃនេះ ខ្មែរយើងដែលបានទទួលការចាក់វ៉ាក់សាំង មានរាប់ពាន់នាក់ហើយ ដែលជាថ្នាក់ដឹកនាំសំខាន់ៗ ដើម្បីសបញ្ជាក់ឱ្យឃើញអំពីគម្រូវីរៈភាពដឹកនាំ និងបង្ហាញអំពីភាពជឿជាក់លើប្រសិទ្ធភាពរបស់វ៉ាក់សាំង ហើយប្រមុខរាជរដ្ឋាភិបាលរបស់យើង សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏មានផែនការគ្រោងនឹងទទួលចាក់វ៉ាក់សាំង នៅថ្ងៃទី០៤ មីនា នេះផងដែរ។

លោក ប្រាក់ សុវណ្ណ បានបញ្ជាក់ថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវថែរក្សាសុខភាព តាមការណែនាំរបស់គ្រូពេទ្យ និងត្រូវត្រឡប់មកចាក់វ៉ាក់សាំង លើកទី២ វិញ ឱ្យបានទាន់ពេលវេលាកំណត់។ និងត្រូវចងចាំថា វ៉ាក់សាំង គឺមិនមានប្រសិទ្ធភាព ១០០ភាគរយ នោះទេ តែវាអាចកាត់បន្ថយឱកាសនៃការឆ្លងជំងឺកូវីដ ឱ្យនៅតិចបំផុត ហេតុដូច្នេះ ចូរយើងត្រូវតែរក្សាការប្រុងប្រយ័ត្ន និងត្រូវតែអនុវត្តគោលការណ៍ ៣កុំ ៣ការពារ ដដែល៕