ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលចំណុះក្រសួងមហាផ្ទៃ ចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានចាប់ផ្ដើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិល ចំណុះទីស្តីការក្រសួងមហាផ្ទៃ នៅមន្ទីរពេទ្យ ១៦ ឧសភា ដែលទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ដែលបម្រើការងារនៅទីស្ដីក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅបានរលូន ប្រកប ដោយប្រសិទ្ធភាព និងមានសណ្ដាប់ធ្នាប់ល្អ ធានាបាននូវវិធានការ ដែលកំណត់ដោយក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មេត្តាចូលរួម និងចាក់ចែងមន្ដ្រីរាជការក្រោមឱវាទ ចូលរួមចាក់វ៉ាក់សាំង ផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ ១៦ ឧសភា ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១  នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងប័ណ្ណសម្គាល់ខ្លួន នៃអង្គភាពនីមួយៗមកជាមួយ។
អគ្គនាយកដ្ឋាន និងអង្គភាព ចំនួន១៨ចំណុះក្រសួងមហាផ្ទៃ នឹងចូលរួមចាក់វ៉ាក់សាំងតាមគោលការ ណ៍ស្ម័គ្រចិត្ត រួមមាន ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយកដ្ឋានសុខាភិបាល, អគ្គលេខាធិការដ្ឋាន, អគ្គស្នងការដ្ឋាន នគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គារធិ ការដ្ឋាន, អគ្គនាយកដ្ឋានពន្ធនាគារ, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, ក្រុមប្រឹក្សានីតិ កម្ម, អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ, អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គ.ប.ផ.ក, អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ.ជ.ប.គ.ញ, អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម គ.ជ.ប.ទ, អង្គភាពកីឡា និងបណ្ឌិត្យសភានគរបាលកម្ពុជា។
 កាលពីថ្ងៃទី០៣ មីនា ឆ្នាំ២០២១លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យការងាររៀបចំទីតាំងកន្លែងចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ នៅមន្ទីរពេទ្យ ១៦ ឧសភា បានលើកឡើងថា ការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលចំណុះទីស្ដីការក្រសួងមហាផ្ទៃ នៅមន្ទីរពេទ្យ ១៦ ឧសភា នឹងចូលរួមចំណែកបន្ថែមទៀត ក្នុងការពន្លឿនការចាក់វ៉ាក់សាំង តាមការកំណត់របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ជំហានដំបូងនៅថ្ងៃនេះ គឺធ្វើឡើងសម្រាប់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ និងមន្ត្រី នៃនាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលមាន រយៈពេលពេញមួយថ្ងៃ ហើយនឹងបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩នេះ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពដទៃទៀតក្រោមចំណុះទីស្តីការក្រសួងមហាផ្ទៃ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ខាងមុខ៕