ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ និងបើកសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃ ទី៥ ខែមីនា ឆ្នាំ២០២១ ។
របៀបវារៈសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នាឱកាសនេះ មានតែមួយ គឺការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ។
សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង១៨មាត្រា បានកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលត្រូវអនុវត្ត ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ទប់ស្កាត់ជំងឺកូវីដ-១៩ គឺស្របពេលដែលកម្ពុជា កំពុងប្រឈមការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន តាមរយៈព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២០កុម្ភៈ៕