ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង និងឃាត់ខ្លួនអ្នកញៀនល្បែង១១នាក់

ពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយមានការសម្របសម្រួលពី លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងពាក់ព័ន្ធ ចុះបង្ក្រាបវង់ល្បែងស៊ីសង (បៀរ អាប៉ោង) មួយកន្លែងនិងឃាត់ខ្លួនក្រុមញៀនអាប៉ោង បានចំនួន១១នាក់ ក្នុងនោះស្រី២នាក់ និង៦នាក់ទៀតរត់រួច។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនាវេលាម៉ោង ១០ និង២០នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិដងរុង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ជនញៀនល្បែងទាំង១១នាក់ ត្រូវបានបញ្ជូនបន្តមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើកិច្ចសន្យាអប់រំ និងធានាឱ្យត្រឡប់ទៅផ្ទះវិញ។

សូមរំលឹកថា កន្លងមកលោក ម៉ៅ ធនិន តែងតែបានខិតខំក្នុងការបង្ក្រាបបទល្មើសទាំងថ្ងៃ ទាំងយប់ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

អភិបាលខេត្ត តែងតែប្រឹងប្រែងជួយសម្របសម្រួល ដោះស្រាយរាល់ទុក្ខលំបាក បញ្ហាប្រឈម របស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាឧស្សាហ៍ចែកអំណោយ ជូនដល់ជនចាស់ជរា គ្រួសារក្រីក្រជានិច្ច។

កត្តាទាំងនេះហើយលោក ត្រូវបានប្រជាពលរដ្ឋចាត់ទុកជាលោកឪពុកដ៏ល្អ និងជាថ្នាក់ដឹកនាំខេត្ត ប្រកបដោយគុណធម៏ គួរជាទីគោរព ដែលពុំអាចកាត់ថ្លៃបាន៕