ស្វាយររៀង៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលអំណោយជាសម្ភារៈ រួមមានម៉ាស និងជែល ពីលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ ដេីម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាល ខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកអភិបាលខេត្តបានថ្លែងអំណរគុណចំពោះលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ មិនត្រឹមតែបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសដើម្បីផ្តល់ការងារធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងនិងក្រៅខេត្តប៉ុណ្ណោះទេ លោកប្រធានតំបន់តែងតែចូលរួមបរិច្ចាគនូវអំណោយ និងថវិកា ជាបន្តបន្ទាប់ជូនដល់រដ្ឋបាលខេត្តទៅលើការងារអភិវឌ្ឍផ្សេងៗជាដើម។
ជាក់ស្តែងសម្ភារប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលទទួលបាននូវពេលនេះ សបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយ សប្បុរសធម៌ និងជាវប្បធម៌នៃការចែក រំលែកទៅលើការជួយគ្នាក្នុងគ្រាលំបាក។
លោកអភិបាលខេត្តបានបញ្ជាក់ថា សម្ភារដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និង យកទៅចាត់ចែងប្រើប្រាស់ឲ្យចំទិសដៅ ក្នុងសកម្មភាពបង្ការ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមរបស់យើងនាពេលបច្ចុប្បន្ន។
អំណោយទាំងនោះរួមមាន ម៉ាស ១០កេសធំ ស្មើនឹង ២៥.០០០ម៉ាស អាល់កុល ១០កេស ស្មើនឹង ៤៨០ដប៕