ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តកំពង់ចាម ចុះដោះស្រាយបញ្ចាប់ទំនាស់ដីធ្លីរ៉ាំរ៉ៃជាង១៥ ឆ្នាំមកហើយរវាងបងប្អូនបង្កើត០៤ គ្រួសារ 

 

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងលោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៅនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចុះពិនិត្យដល់ទីតាំងទំនាស់ដីធ្លីរ៉ាំរ៉ៃរវាងបងប្អូនបង្កើត០៤ គ្រួសារ អស់រយៈពេល១៥ ឆ្នាំមកហើយ នៅភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ក្រោមការដឹកនាំ និងដោះស្រាយប្រកបដោយភាពប៉ិនប្រសប់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត និងដោយមានការចូលរួមស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងគូរភាគីទាំងសង្ខាង ទំនាស់ដ៏រ៉ាំរ៉ៃនេះត្រូវបានដោះស្រាយបញ្ចប់ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

ដោយទឹកចិត្តផ្សារភ្ជាប់ និងមនោសញ្ចេតនាជាមួយប្រជាជន ក្នុងការដោះស្រាយបញ្ហានេះលោកអភិបាលខេត្ត បានជួយឧបត្ថម្ភថវិកា ៥លានរៀល សម្រាប់ការវាយរបងថ្ម និងរុះរើផ្ទះតៀម ចេញពីផ្លូវសាធារណៈដែលភាគី បានបិទអស់រយៈពេលជាង១៦ឆ្នាំមកហើយ។

ការដោះស្រាយនេះ ភាគីទាំងពីរ បានព្រមព្រៀងទទួលយកដោយសេចក្តីរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាលខេត្ត រួមទាំងក្រុមការងារទាំងអស់ក្នុងការចុះមកជួយដោះស្រាយជូនពួកគាត់៕