ស្ទឹងត្រែង៖ ក្នុងនាមជាស្ត្រី និជាម្តាយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាចំនួន១០លានរៀលជូនលោកស្រីអនុសេនីយ៍ទោស៊ីថុង សុខា អធិការរងទទួលផែនចរាចរណ៍ នៃអធិការដ្ឋាននគរ បាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងដែលបានបំបៅកូន ក្នុងឯកសណ្ឋាននគរបាលកំពុងបំពេញភារកិច្ចចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះលោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បាននាំយកនិងប្រគល់ថវិកាដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ដែលជាមាតាមួយរូបចុះបំពេញការងារស្នូលក្នុងអង្គភាពរបស់ខ្លួនផងនិងគិតគូរថែទាំកូនផង។
លោកស្រីអនុសេនីយ៍ទោស៊ីថុង សុខា បានបង្ហាញអារម្មណ៍សប្បាយរីករាយនិងថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភថវិកា ចំនួន ១០លានរៀលតាមរយះលោកអភិបាលខេត្តនៅពេលនេះ ។ នេះគឺជាទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លាមិនអាចកាត់ថ្លៃបានក្នុងការគិតគូរនិងយកចិត្តទុកដាក់ចំពោះរូបលោកស្រីក៏ដូចជាស្ត្រីគ្រប់រូបៗព្រមទាំងប្រជាពលរដ្ឋគ្រប់ទីកន្លែង ។ ពិសេសសូមឲ្យសម្តេចកិត្តិព្រឹទ្ធបណ្ធិតទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ៕