ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងទៅ ក្លិបកម្សាន្ត និងបារបារាំង សរុបចំនួន១២៩៥កន្លែង នៅទូទាំងរាជធានីភ្នំពេញ មានចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
លោក អ៊ីវ ភារិទ្ធ នាយការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើង នៅក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីស្នងការរង អធិការ និងអធិការរង នាយ នាយរងប៉ុសិ៍្តរដ្ឋបាល សរុប២៥០នាក់។
លោក អ៊ីវ ភារិទ្ធ បានបញ្ជាក់ក្នុងរបាយការណ៍បូកសរុបនេះថា ក្នុងចំណោម ក្លិបកម្សាន្ត និងបារបារាំងជាង១ពាន់កន្លែង បានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់គ្រឿងញៀនតទៅទៀត។
បញ្ហាប្រឈមនឹងការចែកចាយគ្រឿងញៀនខុសច្បាប់ ភាគច្រើនកើតមានឡើងនៅតាមតំបន់សំណង់មិនរៀបរយ ដូចជា តំបន់បឹងឈូក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងនៅតំបន់បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មិនមែនជាកន្លែងលក់ដូរធំដុំនោះទេ តែវាជាករណីចែកចាយយ៉ាងសកម្ម ហើយក្នុងការលក់ជួញដូរនេះ គឺភាគច្រើនគេប្រើប្រាស់លើកុមារតូចៗ ក្មេងតូចៗ ដែលមិនគ្រប់អាយុត្រឹម១២ឬ១៣ឆ្នាំប៉ុណ្ណោះ ឬអាចជនពិការផងដែរក៏មាន។
យោងតាមរបាយការណ៍ និងការវាយតម្លៃសន្និដ្ឋានឃើញថា កិច្ចប្រតិបតិ្តការប្រយុទ្ធប្រឆាំងបទល្មើសព្រហ្មទណ្ឌ ជារួមទោះបីបទល្មើសកើនឡើង៨.៩៥ភាគរយ ប៉ុន្តែកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសទទួលបានលទ្ធផលខ្ពស់រហូតដល់៩០.៨២ភាគរយ នឹងការបង្ក្រាបគ្រឿងញៀនខុសច្បាប់លើកទី៣ ត្រូវបានជំរុញខ្លាំងក្លាដោយបង្ក្រាបបាន២.០២៤ករណី ឃាត់ខ្លួនជនល្មើសបាន៣.៦៧០នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕