ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ថ្ងៃ១មេសា ១៩៧៥ មូលហេតុអ្វីសេនាប្រមុខលន់ នល់ ត្រូវភៀសខ្លួនទៅអាមេរិក?

ស្រាវជ្រាវដោយ ឈឹម សេរីភួន

ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥ រដ្ឋមន្រ្តីទី១ ឡុង បូរ៉េត បានធ្វើដំណើរទៅជួបសេនាប្រមុខលន់ នល់ នៅវិមានប្រធានាធិបតីចំការមន តាំងពីព្រលឹមស្រាងៗមកម្ល៉េះ។

ប្រហែល១ម៉ោងបន្ទាប់មកទៀត គេឃើញរថយន្តរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ចូលមកដល់ ហើយទ្រង់បានចុះពីរថយន្តដើរសំដៅទៅរកសេនាប្រមុខលន់ នល់ ដែលនៅវិមានប្រធានាធិបតីចំការមន នោះដែរ។
លុះដល់ម៉ោង៨ ឯកអគ្គរដ្ឋទូតអាមេរិក ចន ហ្គាន់ធឺ ឌៀន (John Gunther Dean)
ក៏បានមកដល់ ហើយសុំចូលជួបសេនាប្រមុខលន់ នល់ ដែលនៅជុំជាមួយសាច់ញាតិចាស់ៗរបស់គាត់ស្លៀកសំពត់ចងក្បិនតាមប្រពៃណីខ្មែរពីបុរាណ មកពីស្រុកកំណើតនៅឯខេត្តព្រៃវែង ខណៈគាត់កំពុងបានលួងលោមបងប្អូនសាច់ញាតិគាត់ កុំឲ្យយំសោកធ្វើអ្វី ព្រោះគាត់នឹងវិលត្រឡប់មកមាតុប្រទេសវិញទេតើ ។

ចំណែក សក់ ស៊ុតសាខន ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលទើបនឹងឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯកថ្មីៗនោះ គិតតែដក្រពាត់ដៃទៅក្រោយ ដើរពីមុខការិយាល័យមួយ ទៅមុខការិយាល័យកមួយទៀត ហាក់ដូចជាមានអារម្មណ៍តប់ប្រមល់ជាខ្លាំង។
ចំណែក ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការ វិញ ដោយសារថ្នាក់ដឹកនាំមិនមានការចាំបាច់ជាមួយនោះ គាត់ក៏បានឆ្លៀតឱកាសចូលទៅជួបឧត្តមសេនីយ៍ លន់ ណុន ដែលកំពុងអង្គុយអានសំបុត្រក្នុងបន្ទប់មួយក្បែរនោះ។

ពេលឃើញ ឆាំង សុង ចូលទៅដល់ ឧត្តមសេនីយ៍ លន់ ណុន ក៏ចាប់ផ្ដើមរលីងរលោងទឹកភ្នែក ហើយផ្ដាំឱ្យ ឆាំង សុង ឱ្យជួយមើលកិច្ចការសេនាប្រមុខលន់ នល់ ជាបងប្រុសគាត់ឲ្យបានដិតដល់ផង កុំធ្វើប្រហែលឲ្យសោះ ព្រោះបងប្រុសគាត់មានវ័យកាន់តែចាស់ និងពិការមួយចំហៀងខ្លួនផង ពិសេសបងប្រុសគាត់មិនធ្លាប់មានបទពិសោធន៍ក្នុងការរស់នៅក្រៅប្រទេស និងមិនចេះនិយាយភាសាអង់គ្លេស ទៀតផង។
លុះដល់ប្រហែលម៉ោង១០ និង៣០នាទី សំឡេងភ្លេងកងកិត្តិយសបានលាន់ឮឡើងយ៉ាងកក្រើក សេនាប្រមុខលន់ នល់ បានធ្វើដំណើរនៅខាងមុខកងកិត្តិយសនោះសន្សឹមៗ ដោយសារពិការភាពមួយចំហៀងខ្លួនរបស់គាត់ ហើយគាត់ក៏ចាប់ផ្ដើមស្រក់ទឹកភ្នែក នៅចំពោះមុខមន្ត្រីជាន់ខ្ពស់ស៊ីវិល ទាហាន និងអ្នកដែលមានវត្តមានទាំងអស់នៅក្នុងពេលនោះ។
សេនាប្រមុខលន់ នល់ ប្រហែលជាដឹងខ្លួនថា គាត់គ្មានថ្ងៃបានវិ លត្រឡប់មកមាតុប្រទេសវិញទេ។

ភរិយា និងក្រុមគ្រួសារគាត់មួយចំនួនទៀត នាំគ្នាដើរតាមក្រោយសំដៅទៅរកឧទ្ធម្ភាគចក្រខ្នាតធំកង្ហា២ របស់សហរដ្ឋអាមេរិក ដែលទើបនឹងចុះចតទន្ទឹមគ្នា២ គ្រឿងនៅក្បែរនោះ ។
មន្ត្រីជាន់ខ្ពស់យោធា និងស៊ីវិលប្រមាណ៥០នាក់បានលើកដៃគ្រវីជាសញ្ញាលាគ្នាដោយទឹកមុខស្រពាប់ស្រពោន និងក្ដុកក្ដួលក្នុងចិត្តជាទីបំផុត។
សេនាប្រមុខលន់ នល់ និងក្រុមគ្រួសារដែលមានអីវ៉ាន់សំពីងសំពោង នាំគ្នាឡើងឧទ្ធម្ភាគចក្រទី១ ។ ចំណែករដ្ឋមន្ត្រីទី១ ឡុង បូរ៉េត និងភរិយា ព្រមទាំងកូនស្រីតូចម្នាក់, ជាវ ស៊ាងលាន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម, ឧត្តមសេនីយ៍ ឯក ព្រឿង, ឧត្តមសេនីយ៍ កង កេង ព្រមទាំងជំនួយការមួយចំនួនទៀត បាននាំគ្នាឡើងឧទ្ធម្ភាគចក្រទី២ ដែលមានគ្នាសរុបប្រមាណ២២ នាក់។

ពេលនោះ ស្រាប់តែគ្រាប់រ៉ុកែ្កត២គ្រាប់ បានធ្លាក់គ្រាំងៗផ្ទួនគ្នានៅចម្ងាយប្រហែលប្រមាណ១០០ម៉ែត្រប៉ុណ្ណោះពីឧទ្ធម្ភាគចក្រនោះ។
ទ័ពខ្មែរក្រហម ដែលបានឡោមព័ទ្ធទីក្រុងភ្នំពេញ តាំងពីដើមខែមករា ឆ្នាំ១៩៧៥នោះ មិនអនុញ្ញាតឲ្យសេនាប្រមុខលន់ នល់ឡើងឧទ្ធម្ភាគចក្រចាកចេញពីប្រទេស ទៅដោយស្រួលនោះឡើយ។

ឧទ្ធម្ភាគចក្រដែលដឹកសេនាប្រមុខលន់ នល់ និងក្រុមគ្រួសារ ប្រញាប់បង្ហើបខ្លួន ត្រង់ទៅលើកម្ពស់ប្រហែលជាង២០ម៉ែត្រ រួចក៏ចាប់ផ្ដើមហោះត្រង់ទៅមុខ ដោយកម្ពស់ទាបៗចេញទៅមុនបាត់។

ឧទ្ធម្ភាគចក្រទី២ រៀបចំចេញដំណើរតាមក្រោយ តែពេលនោះឧត្តមសេនីយ៍ អំ រ៉ុង អ្នកនាំពាក្យកងទ័ពនៃរបបសាធារណរដ្ឋខ្មែ រនិងធ្លាប់ជាមេកើយរបស់ ឆាំង សុង បានដើរមកក្បែរមាត់ទ្វារឧទ្ធម្ភាគចក្រទី២នោះ ហើយចាប់ដៃ ឆាំង សុង រលាក់យ៉ាងតឹងណែន និងផ្ដាំផ្ញើថា សុងឯង! កុំភ្លេចកត់ត្រាទុកនូវអ្វីៗទាំងអស់ដែលកើតមានឡើង រួចហើយគាត់បាននិយាយជាភាសាបារាំង ទៅកាន់ឆាំង សុង ថា៖ c’est une fuite historique! មានន័យថា នេះគឺជាការរត់ចោលគ្នាជាប្រវត្តិសាស្ត្រ! ។

បន្តាប់មក ឆាំង សុង បានលែងដៃពីឧត្តមសេនីយ៍ អំ រ៉ុង វិញ ដើម្បីឲ្យគេបិទទ្វារឧទ្ធម្ភាគចក្រ ដើម្បីចេញដំណើរ ស្រាប់តែគ្រាប់រ៉ុកែ្កតរបស់ខ្មែរក្រហមមួយគ្រាប់ទៀត ធ្លាក់លាន់សូរគ្រាំង នៅក្បែរនោះ។

ពេលនោះដែរ ឧត្តមសេនីយ៍ លន់ ណុន មិនអស់ចិត្ត គាត់ក៏រត់ឡើងជិះឧទ្ធម្ភាគចក្រទី២នោះដែរ ដើម្បីជូនដំណើរសេនាប្រមុខលន់ នល់ ជាបងប្រុសរបស់គាត់នៅព្រលានយន្តហោះពោធិ៍ចិនតុង បន្តទៀត។
មិនយូរប៉ុន្មាន ឧទ្ធម្ភាគចក្រទាំង២ ក៏បានបន្ទាបខ្លួនដើម្បីចុះចតនៅលើព្រលានយន្តហោះពោធិ៍ចិនតុង។ ប៉ុន្តែមិនទាន់ចុះដល់ដីផង ស្នូរគ្រាប់រ៉ុកែ្កតរបស់ពួកខ្មែរក្រហម ដែលបាញ់មកប៉ែកខាងលិច ធ្លាក់លាន់សូរគ្រាំងៗ ហុយដីទ្រលោមឡើងលើអាកាស។

ភ្លាមៗនោះ ពួកយោធាអាមេរិកនៅលើឧទ្ធម្ភាគចក្រទាំង២ បានលោតចុះទៅបើកទ្វារ និងធ្វើដៃជាសញ្ញាឱ្យអ្នកដែលជិះនៅក្នុងឧទ្ធម្ភាគចក្រទាំងអស់ ចុះមកឱ្យឆាប់រហ័សបំផុត ដើម្បីរត់ឡើងទៅលើយន្តហោះប៊ូអ៊ីញ១០៧ មួយគ្រឿង ដែលនៅរង់ចាំជាស្រេច ចម្ងាយពីគ្នាប្រហែល១០០ម៉ែត្រប៉ុណ្ណោះ។

សេនាប្រមុខលន់ នល់ និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីទាំង២២នាក់ទៀត បាននាំគ្នារត់កាត់កម្លាំងខ្យល់បក់បោកដោយកង្ហារឧត្ថម្ភាគចក្រ២គ្រឿងនោះ តម្រង់ទៅរកយន្តហោះប៊ូអ៊ីញ១០៧នោះ ស្ទើរទប់ខ្លួនមិនជាប់។
ពេលនោះឧត្តមសេនីយ៍ អៀ ឆុង មេបញ្ជាការកងទ័ពជើងអាកាស នៃរបបសាធារណរដ្ឋខ្មែរ ដែលមានវត្តមាននៅក្នុងការជូនដំណើរសេនាប្រមុខលន់ នល់ នោះដែរ បានចាប់ដៃឆាំង សុង លាគ្នាជាចុងក្រោយ។
ពេលយន្តហោះប៊ូអ៊ីញ១០៧នោះ ឡើងផុតពីដី ឆាំង សុង ចេះតែនឹកឃើញសំដីរបស់ឧត្តមសេនីយ៍ អំ រ៉ុង ដែលបាននិយាយថា នេះជាការរត់ចោលគ្នាជាប្រវត្តិសាស្ត្រនោះ។

ឆាំង សុង ចេះតែឆ្ងល់ថា អំ រ៉ុងជា ឧត្តមសេនីយ៍ អំ រ៉ុង ជាបញ្ញវន្ត មានសញ្ញាបត្របរិញ្ញាបត្រច្បាប់ មកពីប្រទេសបារាំង ហើយធ្លាប់ជាមនុស្សជិតស្និទ្ធនឹងសេនាប្រមុខលន់ នល់ តាំងពីសម័យសង្គមរាស្ត្រនិយមមកម៉្លេះ មិនគួរណាគាត់ហ៊ានចោទប្រកាន់សេនាប្រមុខលន់ នល់ ដែលពេលនេះចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេសសោះ ថាជាការរត់ចោលគ្នា ឬជាការរត់ចោលស្រុកពេលមានទុក្ខលំបាកយ៉ាងដូច្នេះសោះ?ឬមួយគាត់មានការច្រណែន ដោយសារពេលនេះគាត់មិនបានចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេសជាមួយសេនាប្រមុខលន់ នល់? ឬមួយគាត់ដឹងពីអាថ៌កំបាំងអ្វីមួយពីការចាកចេញរបស់លន់ នល់ នៅពេលនេះ?។
ប្រហែលមួយម៉ោងក្រោយមកប៉ុណ្ណោះ យន្តហោះប៊ូអ៊ីញ១ ០៧ នោះ ក៏បានបន្ទាបខ្លួនចុះចតនៅព្រលានយន្តហោះដន មឿង ប្រទេសថៃ។
ឧត្ដមសេនីយ៍គ្រឿងសាក់ ឆាម៉ាណន់(Kriangsak Chamanan)អគ្គមេបញ្ជាការកងទ័ពថៃ ជាតំណាងឲ្យរាជរដ្ឋាភិបាលថៃ និងមន្ត្រីជាន់ខ្ពស់ថៃ ប្រមាណ២០នាក់ទៀត បានមកទទួលស្វាគមន៍សេនាប្រមុខលន់ នល់ នៅព្រលានយន្តហោះដន មឿង នោះ ។
ពេលនោះមានអ្នកកាសែតបរទេស ប្រមាណ២០០នាក់ បានសម្រុកមករកសេនាប្រមុខលន់ នល់ ក្នុងបំណងធ្វើសម្ភាស ប៉ុន្តែត្រូវកងតម្រួតថៃ រុញច្រានទាំងច្រងាប់ច្រងិល ឲ្យថយក្រោយវិញ។

ក្រោយពីឧត្ដមសេនីយ៍គ្រឿងសាក់ ឆាម៉ាណន់ ថ្លែងសុន្ធរកថាស្វាគមន៍មក សេនាប្រមុខលន់ នល់ ក៏មានបំណងចង់ឡើងធ្វើសេចក្ដីថ្លែងការណ៍មួយ ដែលបានតាក់តែងទុកជាមុនស្រេចហើយនោះ នៅចំពោះមុខអ្នកកាសែតបរទេសប្រមាណ២០០នាក់នោះដែរ។

ប៉ុន្តែអាជ្ញាធរថៃ មិនអនុញ្ញាតឲ្យសេនាប្រមុខលន់ នល់ ឡើងថ្លៃងការណ៍អ្វីឡើយ។
ពេលនោះ ឆាំង សុង បានព្យាយាមនិយាយភាសាអង់គ្លេស ពន្យល់អាជ្ញាធរថៃ ថា សេនាប្រមុខលន់ នល់ ចង់ថ្លែងការណ៍ប្រាប់ឲ្យសាធារណៈមតិពិភពលោក ឱ្យបានដឹងថា ការចាកចេញពីប្រទេសរបស់គាត់នៅពេលនេះ គឺដើម្បីទៅព្យាបាលជំងឺ ដូចកាលពីឆ្នាំ១៩៧១ តែប៉ុណ្ណោះ គឺគ្មានបំណងចេញទៅបង្កើតរដ្ឋាភិបាលថ្មី ឬរដ្ឋាភិបាលនិរទេសនៅ ដូចមជ្ឈដ្ឋានមួយចំនួននឹកស្មាននោះទេ ហើយគាត់ក៏គ្មានបំណងរត់ចោលស្រុក មកសុំសិទ្ធិជ្រកកោននៅប្រទេសថៃ នេះដែរ។
តែទីបំផុត អាជ្ញាធរថៃ បានត្រឹមអនុញ្ញាតឱ្យក្រុមអ្នកកាសែតទាំងអស់នោះចូលទៅចាប់ដៃ និងថតរូបជាមួយសេនាប្រមុខលន់ នល់ ដើម្បីសម្ដែងការគួរសមប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យសួរសំណួរអ្វីទាំងអស់ ៕