រដ្ឋលេខាធិការក្រសួងព័ត៌មាន ជា ច័ន្ទបរិបូរណ៍ ថ្លែងសារចូលរួមនាឱកាសដ៏ប្រពៃថ្លៃថ្លានៃបុណ្យខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នេះ។
រដ្ឋលេខាធិការផ្ញើសារគោរពជូនសម្តេចថា “ខ្ញុំ និងភរិយា សូមសម្តែងនូវក្តីសោមន្សរីករាយក្រៃលែង សូមគោរពជូននូវសព្វសាធុការពរជ័យជូន ចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្រេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន សូមប្រកប ដោយសុខភាពល្អបរិបូរណ៍ កាយ ពលមាំមួនខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជានិងប្រជាជនកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន និងសម្បូររុងរឿងលើគ្រប់វិស័យ”។
លោករដ្ឋលេខាធិការ សូមគោរពសម្តែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះគុណូបការៈ និងមោទនភាពចំពោះស្នាដៃធំៗយ៉ាងច្រើនឥតគណនា ដែល សម្តេចតេជោ សម្រេចបានពីបញ្ញាញាណដ៏ឈ្លាសវៃ។
សម្តេចតេជោ ហ៊ុន សែន គឺ ជា វីរកុលបុត្រខ្មែរស្នេហាជាតិមួយរូបដែលបានលះបង់កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុរំដោះជាតិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឲ្យកិត្យានុភាពជាតិខ្មែរកាន់តែល្បីលើឆាក អន្តរជាតិ។
ពិសេសក្នុងបរិបទនៃជំងឺកូវីដ-១៩ ជាង១ឆ្នាំកន្លងមកនេះ សម្តេច បានខិតខំប្រឹងប្រែងទប់ស្កាត់ និងផ្តល់វ៉ាក់សាំងដែលជាខឿនការពារសុខភាពប្រជាជន ដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ ជា ច័ន្ទបរិបូរណ៍ និងភរិយា សូមគោរពប្រសិទ្ធពរជ័យជូនចំពោះ សម្តេច និងសម្តេចកិត្តិ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចទាំងពីរ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងស្មោះត្រង់ជារៀងរហូតអំពីខ្ញុំំំំបាទ និងក្រុមគ្រួសារ។