ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងបរិស្ថាន កំពុងបន្តចាត់វិធានការណ៍ផ្លូវច្បាប់លើបុគ្គលឈ្មោះ ជា ហ៊ាន និងបក្ខពួកធ្វើសកម្មភាពចាប់យកដីព្រៃក្នុងតំបន់ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចំនួន១០០ហិកតា

ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅតែបន្តនីតិវិធី​ចាត់ការលើបុគ្គល ឈ្មោះ ជា ហ៊ាន ជាប្រធានអង្គការឃ្លាំមើល ការពារសម្បត្តិធម្មជាតិកម្ពុជា និងបក្ខពួក ដែលបានធ្វើសម្ម​ភាព ចាប់យកដីព្រៃក្នុងតំបន់ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនួន​ ១០០ហិកតា កាលពីឆ្នាំ២០០៨ ។

យោងតាមលិខិតចុះថ្ងៃទី០៥ ខែតុលា​ឆ្នាំ២០១៧ របស់លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ផ្ញើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ បានបញ្ជាក់ថា ក្នុងឆ្នាំ២០០៨ ក្រសួង បរិស្ថានបានចាត់មន្ត្រីជំនាញក្រោមឱវាទ មានលោក ឈុន ឈៀហេង ជានាយក ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឲ្យដឹកនាំពង្រឹងការអនុវត្តន៍ច្បាប់ ក្នុងគោលបំណង ធានាឲ្យបាននូវនិរន្តតភាពធនធានធម្មជាតិក្នុងតំបន់នោះ ។ ហើយបានរកឃើញ បទល្មើសជាច្រើនកន្លែង ដែលលោក ជា ហ៊ាន និងបក្ខពួកធ្វើសកម្មភាពចាប់យក ដីព្រៃក្នុងតំបន់ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រមាណ១០០ហិកតា ក្នុងភូមិ សាស្ត្រខេត្តកំពង់ស្ពឺ ។

លិខិតដដែលបានបញ្ជាក់ថា ផ្អែកលើរបាយកាណ៍របស់លោក ឈុន ឈៀហេង បានឲ្យដឹងថា ឈ្មោះ ជា ហ៊ាន ធ្លាប់ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ​ ផ្តន្ទាទោស តាម អំណាយសាលក្រមព្រហ្មទណ្ឌលេខ៦៦«ច» ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២ សម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារចំនួន០៣ឆ្នាំ ពីបទទន្រ្ទានយកដីព្រៃ និងបទជំរិតទារប្រាក់ ។

ដោយសារការមិនពេញចិត្តលើការអនុវត្តច្បាប់របស់លោក ឈុន ឈៀហេង ដែលបានប្តឹងទៅតុលាការឲ្យផ្តន្ទាទោសនោះ ធ្វើឲ្យឈ្មោះ ជា ហ៊ាន ខឹងក៏បានប្តឹងឈ្មោះ  ឈុន ឈៀហេង តបទៅសាលាដំបូងខេត្តកំពង់ស្ពឺវិញ ដោយចោទពីបរិហារបង្កាច់ កេរ្ត៍ និងរួមគំនិតបំផ្លាញព្រៃឈើទៅវីញ ។

ក្រោយពីទទួលពាក្យបណ្តឹងរបស់ឈ្មោះ ជា ហ៊ាន រួចមកសាលាដំបូងខេត្តកំពង់ស្ពឺ ក៏បានផ្តើមចោទប្រកាន់ឈ្មោះ ឈុន ឈៀហេង ពីបទបរិហារកេរ្តិ៍ កាប់គាស់រុករានដី ព្រៃ និងឈួសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ ។

លិខិតលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្នើសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ បានបញ្ជាក់ថា បើអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅតែបន្តចោទប្រកាន់ តាមបណ្តឹងតបរបស់ឈ្មោះ ជា ហ៊ាន តទៅទៀត ធ្វើឲ្យលោក ឈុន ឈៀហេង និង មន្ត្រីនគរបាលយុត្តិធម៍ផ្សេងៗទៀតនៃក្រសួងបរិស្ថាន បាត់បង់ស្មារតី និងបាក់ទឹក ចិត្តក្នុងការបន្តពង្រឹងការអនុវត្តច្បាប់ នៅក្នុងតំបន់ការពារធនធានធម្មជាតិទោះបីមានឆន្ទៈមោះមុត និងអនុវត្តតាមនីតិវិធីយ៉ាងណាក៏ដោយ ។

ដើម្បីផ្តល់យុត្តិធម៍ដល់ឈ្មោះ ឈុន ឈៀហេង និងមន្ត្រីផ្សេងទៀត នៅតាមតំបន់ ការពារធនធានធម្មជាតិទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យមានប្រសិទ្ធភាព សូមស្នើ សុំឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ មេត្តាជួយអន្តរាគមន៍ លើកលែងការចោទប្រកាន់លើឈ្មោះ ឈុន ឈៀហេង បានរួចផុតពីបណ្តឹងបរិហារបង្កាច់កេរ្តិ៍ កាប់គាស់ រុករានដីព្រៃ និងឈួសឆាយដីព្រៃយកធ្វើកម្មសិទ្ធិ ដោយក្តីអនុគ្រោះ ៕