ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ថ្ងៃទី១៣មេសា១៩៧៥! មេដឹកនាំរបបសាធារណរដ្ឋខ្មែរ បង្កើតគណៈកម្មការកំពូលមួយ ដើម្បីរង់ចាំផ្ទេរអំណាចថ្វាយសម្ដេចសីហនុ

ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន
(SBM News)៖ មុនពេលឡើងឧទ្ធម្ភាគចក្រ រត់គេចខ្លួនទៅក្រៅប្រទេសជាមួយឯកអគ្គរដ្ឋទូតអាមេរិក ចន ហ្គាន់ធើឌីន (John Gunther Dean) ថ្ងៃទី១២ ខែមេសានោះ ឧត្តមសេនីយ៍ សូ ខាំខូយ ប្រធានព្រឹទ្ធសភា និងជាប្រធានាធិបតីស្តីទី នៃរបបសាធារ ណរដ្ឋខ្មែរ បានសរសេរលិខិតមួយទៅថ្វាយសម្ដេចសីហនុ ដែលកំពុងគង់នៅទីក្រុងប៉េកាំង ដើម្បីសុំឲ្យព្រះអង្គយាងត្រឡប់មកដឹកនាំប្រទេសវិញផងដែរ។

ក្រោយពេលពីឧត្តមសេនីយ៍ សូ ខាំខូយ ប្រធានាធិបតីស្តីទី ចាកចេញទៅបាត់ប៉ុន្មានម៉ោង រដ្ឋមន្ត្រីទី១ ឡុង បូរ៉េត ក៏បានប្រកាសតាមវិទ្យុជាតិថ្កោលទោសឧត្តមសេនីយ៍ សូ ខាំខូយ ថា ក្នុងនាមប្រធានាធិបតីស្តីទី ឧត្តមសេនីយ៍រូបនេះមិនទទួលខុសត្រូវចំពោះជោគវាសនារបស់ប្រទេសជាតិទេ បែរជាឆ្លៀតឱកាសរត់ចោលស្រុកជាមួយពួកអាមេរិក ដោយពុំបានធ្វើសេចក្ដីថ្លែងការណ៍អ្វីបន្តិចឲ្យប្រជាពលរដ្ឋបានដឹងឡើយ។

មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី១៣ ខែមេសា គឺជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មី តាមប្រពៃណីខ្មែរ ពួកទាហាននៃរបបសាធារណ រដ្ឋខ្មែរ និងអ្នកមានកាំភ្លើងនៅតាមផ្ទះផ្សេងៗទៀតក្នុងទីក្រុងភ្នំពេញ គ្រាន់តែឮវិទ្យុជាតិប្រកាសថាទេវតាឆ្នាំថ្មី(ឆ្នាំថោះ) បានយាងចុះមកផ្លាស់តំណែងទេវតាឆ្នាំចាស់(ឆ្នាំខាល)ភ្លាម ក៏នាំគ្នាបាញ់កាំភ្លើងឡើងលើមេឃដើម្បីអបអរសាទរទេវតាឆ្នាំថ្មី លាន់ឮកក្រើកទីក្រុងភ្នំពេញ ដែលធ្វើឱ្យមជ្ឈដ្ឋានមួយចំនួននឹកស្មានថា កងទ័ពខ្មែរក្រហមចូលដល់កណ្ដាលទីក្រុងភ្នំពេញទៅហើយ។

នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមេសា សភាទាំងពីរ គឺព្រឹទ្ធសភាដែលមាន ទេព ហ៊ុន ជាប្រធាន និងរដ្ឋសភាដែលមានអ៊ឹង ប៊ុនហោ ជាប្រធាន បានបើកអង្គប្រជុំពិសេសមួយ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយ ដោយសម្រេចចិត្តអនុម័តប្រកាសរំលាយរដ្ឋាភិបាលចុងក្រោយនៃរបបសាធារណរដ្ឋខ្មែរចោល ហើយបង្កើតគណៈកម្មការពិសេសមួយដែលមានឈ្មោះថាគណៈកម្មការកំពូល សម្រាប់ដឹកនាំ និងគ្រប់គ្រងប្រទេសជាបណ្ដោះសំខាន់សិន ដើម្បីរង់ចាំសម្ដេចសីហនុ យាងត្រឡប់មកដឹកនាំ និងគ្រប់គ្រងប្រទេសវិញ។

សមាសភាពគណៈកម្មាធិការកំពូលនោះ រួមមាន៧រូប គឺទី១ ឧត្តមសេនីយ៍ឯកសក់ ស៊ុតសាខន (ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ) ជាប្រធាន , ទី២ ឡុង បូរ៉េត (រដ្ឋមន្ត្រីទី១) ជាសមាជិក, ទី៣ ហង្ស ធុនហាក់ (រដ្ឋមន្ត្រីទី១ ឆ្នាំ១៩៧២-១៩៧៣ និងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកនយោបាយ និងបេសកកម្មពិសេសដើមឆ្នាំ១៩៧៥) ជាសមាជិក, ទី៤ ឧប គឹមអាង (រដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រី ឆ្នាំ១៩៧៣-១៩៧៤) ជាសមាជិក។

ទី៥ ឧត្តមសេនីយ៍ថោងវ៉ាន់ ហ្វាន់មឿង (នាយអគ្គសេនាធិការរងកងទ័ព)ជាសមាជិក, ទី៦ ឧត្តមសេនីយ៍វង្ស សារិនឌី(មេបញ្ជាការកងទ័ពជើងទឹក)ជាសមាជិក និងទី៧ ឧត្តមសេនីយ៍អ៊ា ឆុង (មេបញ្ជាការកងទ័ពជើងអាកាស)ជាសមាជិក។

តាមពិតទៅ ឡុង បូរ៉េត និងសក់ ស៊ុតសាខន បានរៀបចំសមាសភាពគណៈកម្មការកំពូលនេះតាំងពីប៉ុន្មានម៉ោងក្រោយពេលដែលឧត្តមសេនីយ៍ សូ ខាំខូយ ប្រធានាធិបតីស្តីទី រត់ឡើងឧទ្ធម្ភាគចក្រ គេចខ្លួនទៅក្រៅប្រទេសជាមួយឯកអគ្គរដ្ឋទូតអាមេរិក ចន ហ្គាន់ធើឌីន (John Gunther Dean) ថ្ងៃទី១២ ខែមេសានោះមកម្ល៉េះ។

លុះព្រឹកឡើងថ្ងៃទី១៣ ខែមេសា ទើប ឡុង បូរ៉េត និងសក់ ស៊ុតសាខន ដាក់ផែនការឲ្យសភាទាំងពីរបើកអង្គប្រជុំពិភាក្សាអនុម័តសម្រេចប្រកាសរំលាយរដ្ឋាភិបាលចុងក្រោយនៃរបបសាធារណរដ្ឋខ្មែរនេះចោល ហើយបង្កើតគណៈកម្មការកំពូលនេះ ដើម្បីឱ្យស្របតាមនីតិវិធីច្បាប់។

នៅថ្ងៃទី១៣ ខែមេសា នោះដែរ កងទ័ពខ្មែរក្រហមបានបាញ់ផ្លោងកាំភ្លើងរ៉ុក្កែតដាក់ព្រលានយន្តហោះពោធិ៍ចិនតុងខ្លាំងពេក យន្តហោះមួយចំនួនត្រូវហោះជម្លៀសចេញទៅចុះចតនៅឯព្រលានយន្តហោះខេត្តកំពង់ឆ្នាំង ហើយឧទ្ធម្ភាគចក្រទាំងអស់ត្រូវហោះទៅចុះចតនៅលើទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិអូឡាំពិក។

នៅខ្សែក្រវាត់ភាគខាងជើងទីក្រុងភ្នំពេញ និងតាមដងទន្លេសាប កងពលធំថ្មើរជើងលេខ៧ (7BI) របស់ឧត្តមសេនីយ៍គី ហាក់ ត្រូវបាក់ទ័ពបង្ខំចិត្តដុតបំផ្លាញឃ្លាំងអាវុធរបស់ខ្លួនចោល ហើយដកថយពីទីតាំងឈរជើងចូលមកកណ្ដាលទីក្រុងភ្នំពេញ ។

ថ្ងៃទី១៣ ខែមេសា ដដែលនោះដែរ ឡុង បូរ៉េត បានប្រកាសដាក់ប្រទេសជាតិឱ្យស្ថិតនៅក្នុងភាពមានគ្រោះអាសន្ននិងដាក់បំរាមគោចរ មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរទាំងយប់ទាំងថ្ងៃ ព្រមទាំងមិនឱ្យមានការរាំច្រៀងសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនោះផងដែរ៕