ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន
(SBM Nwews)៖ នៅពេលកងទ័ពខ្មែរក្រហមយកពួកទាហានលន់ នល់ទាំងអស់នៅក្នុងទីក្រុងបាត់ដំបង ទៅសម្លាប់ចោលនោះ មានតែវរសេនីយ៍ទោម្នាក់ឈ្មោះស៊ីវ ហេង ប៉ុណ្ណោះ ដែលពួកខ្មែរក្រហមមិនហ៊ានធ្វើអ្វីគាត់សូម្បីបន្តិច។
តើវរសេនីយ៍ទោម្នាក់ឈ្មោះស៊ីវ ហេង នេះជានរណា បានជាពួកខ្មែរក្រហមមិនហ៊ានយកទៅសម្លាប់ចោលដូចពួកទាហានលន់ នល់ ផ្សេងៗទៀត?។ មុនពេលកងទ័ពខ្មែរក្រហមចូលមកដល់ ស៊ីវ ហេង បានបបួលកូនចៅគាត់នាំគ្នាចាកចេញទៅប្រទេសថៃដែរ តែកូនមិនជឿតាមគាត់។
ស៊ីវ ហេង ជាមេដឹកនាំចលនាខ្មែរឥស្សរៈ និងបានចូលជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិននិង តាំងពីឆ្នាំទសវត្សរ៍ឆ្នាំ១៩៤០ មកម៉្លេះ ។
ដោយមានការជួយជ្រោមជ្រែងពីពួកកុម្មុយនិស្តវៀតមិញ ផងនោះ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មេដឹកនាំចលនាខ្មែរឥស្សរៈកុម្មុយនិស្ត បានបង្កើតបក្សរបស់ខ្លួនមួយឈ្មោះបក្សប្រជាជនបដិវត្តន៏ខ្មែរ ដោយមានសឺង ង៉ុកមិញ ដែលគេស្គាល់ថា អាចារ្យមៀន ជាលេខាគណៈកម្មាធិការមជ្ឈិមបក្ស , ស៊ីវ ហេង ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ទទួលបន្ទុកកិច្ចការយោធា , ទូ សមុត ដែលគេស្គាល់ថា អាចារ្យ សុខ (មកពីកម្ពុជាក្រោម) ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ទទួលបន្ទុកផ្នែកមនោគមវិជ្ជា និងចាន់ សម័យ ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ។
ក្រោយពីមានកិច្ចព្រមព្រៀងសន្ដិភាព នៅសន្និសីទក្រុងហ្សឺណែវ ខែកក្កដា ឆ្នាំ១៩៥៤ មក កងទ័ពកុម្មុយនិស្តវៀតមិញ ត្រូវដកចេញពីកម្ពុជា ហើយកងទ័ពបារាំង ក៍ត្រូវដកចេញឲ្យអស់ពីឥណ្ឌូចិន ដែរមក បក្សប្រជាជនបដិវត្តន៍ខ្មែរក៏បែកខ្ញែកគ្នាជាបីក្រុម៖
ក្រុមទី១ រួមមាន៖ សឺង ង៉ុកមិញ, , ស៊ីវ ហេង, នួន ជា, កែវ មុន្នី, ម៉ី ផូ និង រ័ត្ន សាមឿន បានសម្រេចចិត្តចាកចេញពីមាតុប្រទេស ដឹកនាំកងទ័ពប្រមាណ១ពាន់នាក់ (ក្នុងនោះ មានប៉ែន សុវណ្ណ ម្នាក់ដែរ តែកាលនោះគាត់នៅជាយុទ្ធជនតូចតាចនៅឡើយ) ទៅរស់នៅវៀតណាមភាគខាងជើង តាមកងទ័ពកុម្មុយនិស្តវៀតមិញ ដែលត្រូវដកចេញពីកម្ពុជា នោះដែរ ។
ឯក្រុមទី២ រួមមាន៖ ទូ សាមុត, សោ ភឹម, សាឡុតស ជាដើម នៅបន្តសកម្មភាពតស៊ូជាសម្ងាត់ នៅក្នុងប្រទេសកម្ពុជា។
ចំណែកក្រុមទី៣ រួមមាន៖ កែវ មាស, នង សួន, ប៉ែន យុទ្ធ , ជូ ជេដ្ឋ ជាដើម បានបង្កើតជាគណបក្សស្របច្បាប់មួយ ឈ្មោះថា “គណបក្សប្រជាជន” ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ ឆ្នាំ១៩៥៥ ដើម្បីប្រកួតប្រជែងគ្នាជាមួយចលនាសង្គមរាស្រ្តនិយម របស់សម្ដេចសីហនុ ។ ក៏ប៉ុន្តែ ក្រុមទាំង៣នេះនៅតែបន្តទាក់ទងគ្នាជាប្រចាំ។
តែមិនយូរប៉ុន្មាន ស៊ីវ ហេង និងនួន ជា ក៏បានត្រឡប់មកមាតុភូមិកម្ពុជាវិញ ជាមួយកម្មាភិបាលជាន់ខ្ពស់ផ្សេងៗមួយចំនួនទៀត ។
ដោយសារ សឺង ង៉ុកមិញ ហៅអាចារ្យមៀន ជាលេខាគណៈកម្មាធិការមជ្ឈិមបក្ស ត្រូវស្នាក់នៅនិរទេសខ្លូនឯទីក្រុងហាណូយ បក្សប្រជាជនបដិវត្តខ្មែរ បានបង្កើតគណៈកម្មាធិការមជ្ឈិមបណ្តោះអាសន្នមួយ មានស៊ីវ ហេង ជាលេខា និងទូ សាមុត ជាអនុលេខា ដើម្បីដឹកនាំធ្វើសកម្មភាពនៅក្នុងប្រទេស បន្តទៀត ។ ទូ សាមុត ជាអនុលេខា ទទួលខុសត្រូវផ្នែកសកម្មភាពការងាររបស់បក្សនៅទីក្រុង ដោយមាននួន ជា និងសាឡុត ស ជាជំនួយការ។
នៅក្នុងឆ្នាំ១៩៥៦ ស៊ីវ ហេង បានធ្វើការទាក់ទងជាសម្ងាត់ជាមួយឧត្តមសេនីយ៍លន់ នល់ ជាអគ្គបញ្ជាការកងទ័ពរបស់សម្តេចព្រះនរោត្តម សីហនុ និងបានចុះចូលក្នុងសង្គមជាតិវិញ ដោយប្រកបមុខរបបធ្វើចម្ការ នៅក្រុងបាត់ដំបង ជាស្រុកកំណើតប្រពន្ធគាត់ ដែលត្រូវមីងបង្កើតរបស់នួន ជា។
លុះដល់ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលកងទ័ពខ្មែរក្រហមបានចូលមកដល់ក្រុងបាត់ដំបង គ្មាននរណាហ៊ានធ្វើអីគាត់ដូចពួកមេទាហាននល់ លន់ ផ្សេងៗទៀតឡើយ សូម្បីតែ មេខ្មែរក្រហមឈ្មោះមូលសម្បត្តិ ហៅរស់ ញឹម លេខាបក្សភូមិភាគពាយ័ព្យ ដែលធ្លាប់នៅក្រមការដឹកនាំរបស់ស៊ីវ ហេង កាលពីសម័យតស៊ូប្រឆាំងនឹងបារាំង ក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េចចំពោះស៊ីវ ហេង នេះដែរ ។
ពីព្រោះគាត់ធ្លាប់ដឹកនាំបក្សកុម្មុយនិស្តកម្ពុជា តាំងពីទសវត្សរ៍ឆ្នាំ ១០៤០មកម៉្លេះ និងត្រូវជាឪពុកមាថ្លៃរបស់នួន ជា អនុលេខាគណៈកម្មាធិការមជ្ឈិមបក្សផងដែរ។
ដូច្នេះ រស់ ញឹម លេខាបក្សភូមិភាគពាយ័ព្យ មិនដឹងថាតើត្រូវចាត់ការយ៉ាងណាចំពោះស៊ីវ ហេង នេះទេ ដោយត្រូវរង់ចាំការសម្រេចរបស់នួន ជា ជាមុនសិន។
ប្រភពមួយបានឱ្យដឹងថា រហូតដល់ពាក់កណ្ដាលខែឧសភា ឆ្នាំ១៩៧៥ ទើប នួន ជា ប្រាប់ទៅរស់ ញឹម លេខាបក្សភូមិភាគពាយ័ព្យ យកស៊ីវ ហេង ទៅសម្លាប់ចោលដោយគ្មានមនោសញ្ជេតនាគិតថាសាច់ញាតិ ឬក្រុមគ្រួសារអ្វីបន្តិចឡើយ។
ពេលនោះ រស់ ញឹម បានបញ្ជាឲ្យពួកសន្តិសុខភូមិភាគ ចុះទៅសហការជាមួយឈ្មោះភៀង ជាលេខាសង្កាត់ជ្រៃ ស្រុកថ្មគោល ប្រើល្បិចឲ្យហៅស៊ីវ ហេង ឡើងឡានជាមួយពួកគេ ដើម្បីទៅជួបថ្នាក់លើ។
ពេលនោះកូនប្រុសរបស់ស៊ីវ ហេង ម្នាក់ឈ្មោះហេង ម៉ានុត ក៏សុំទៅតាមថែឪពុកដែរ ព្រោះឪពុកខ្លួនមានជំងឺស្លាប់មួយចំហៀងខ្លួន ខ្លាចគ្មាននរណាជួយមើលថែទាំ។
រថយន្តបើកទៅដល់ភ្នំក្រពើ ពួកខ្មែរក្រហមក៏ឈប់រថយន្ត ហើយបាញ់សម្លាប់ស៊ីវ ហេង យ៉ាងសាហាវព្រៃផ្សៃបំផុត។ប៉ុន្តែពួកគេ មិនបានបាញ់សម្លាប់ឈ្មោះហេង ម៉ានិត ជាកូនដែលទៅជាមួយនោះទេ គឺឲ្យកូននឹងវិលត្រឡប់ទៅផ្ទះវិញ ហើយក៏មិនបានសម្លាប់ប្រពន្ធ និងកូនផ្សេងៗទៀតរបស់ស៊ីវ ហេង ប្រហែលជានួន ជា នៅមានមនោសញ្ចេតនាជាមួយប្រពន្ធស៊ីវ ហេង ដែលត្រូវជាម្ដាយមីងបង្កើតរបស់ខ្លួន និងកូនៗរបស់ស៊ីវ ហេង ដែលត្រូវជាបងប្អូនជីដូនមួយរបស់គាត់ដែរ។
បើតាមសាក្សីម្នាក់ដែលរស់នៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រោយឆ្នាំ១៩៧៩ កូនប្រុសច្បងរបស់ស៊ីវ ហេង ឮម្នាក់ឈ្មោះហេង ម៉ានិត និងឈ្មោះភៀង ជាអតីតលេខាសង្កាត់ជ្រៃ ស្រុកថ្មគោល ដែលបានសហការជាមួយពួកសន្តិសុខភូមិភាគ ប្រើល្បិចទៅហៅស៊ីវ ហេង ឡើងឡានយកទៅសម្លាប់ចោលនៅភ្នំក្រពើ កាលពីឆ្នាំខែឧសភា ឆ្នាំ១៩៧៥នោះ បានចាកចេញទៅរស់នៅសហរដ្ឋអាមេរិក ទាំងពីរនាក់ផងដែរ៕