ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឡេ យន់ មកជួប ប៉ុល ពត នៅភ្នំពេញសន្យាថានឹងប្រគល់កោះពូឡូវ៉ៃមកឱ្យកម្ពុជាវិញ

ដោយ៖ ឈឹម សេរីភួន
ថ្ងៃទី២ ខែសីហា ឆ្នាំ១៩៧៥ ឡេ យន់ អគ្គលេខាធិការគណៈកម្មា ធិកា រមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និង ផាម ហ៊ុង សមាជិកការិយាល័យនយោបាយគណៈមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានដឹកនាំគណៈប្រតិភូមួយក្រុមតាមយន្តហោះ មកបំពេញទស្សនកិច្ចនៅក្រុងភ្នំពេញ ដែលមានសភាពស្ងាត់ជ្រងំ ដូចទីក្រុងខ្មោច។
តាមការស្នើសុំរបស់ភាគីមេដឹកនាំខ្មែរក្រហមជាម្ចាស់ផ្ទះ ភាគីវៀត ណាមជាភ្ញៀវត្រូវបង្ខំចិត្តកាត់បំព្រួញកម្មវិធីនៃដំណើរទស្សនកិច្ចរបស់ខ្លួនឲ្យនៅតិចបំផុត ហើយបើទោះបីមេដឹកនាំខ្មែរក្រហម ជាម្ចាស់ផ្ទះទទួលស្វាគមន៍ពួកគេដោយភាពសោះកក្រោះ យ៉ាងណាក៏ដោយ ក៏ ឡេ យន់ អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នៅតែបង្ហាញឲ្យឃើញថា ខ្លួនជាមនុស្សដែលងាយស្រួលក្នុងការសម្របសម្រួលគ្នាជានិច្ច។


ក្នុងឱកាសជួបពិភាក្សាគ្នាជាមួយ ប៉ុល ពត អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា នៅកន្លែងធ្វើការរបស់ប៉ុល ពត ខាងកើតវត្តភ្នំ (ស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សព្វថ្ងៃ) ឡេ យន់ ទទួលស្គាល់ថា កោះពូឡូវ៉ៃ ជាទឹកដីកោះរបស់កម្ពុជាប្រាកដមែន ហើយគាត់សន្យាថានឹងប្រគល់កោះនេះ មកឱ្យកម្ពុជា វិញនៅពេលឆាប់ៗខាងមុខនេះ។
ពេលនោះដែរ ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយ ដោយសន្យាថា នឹងធ្វើការដោះស្រាយជម្លោះពីបញ្ហាព្រំដែននេះ តាមរយៈការចរចាគ្នាដោយសន្តិវិធី និងស្មើភាព។
តែនៅក្នុងពេលចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមនោះ ពុំមានកម្មវិធីជប់លៀងជាកិត្តិយស និងថ្លែងសុន្ទរកថា ដើម្បីសម្តែងការគួរសមណាមួយចំពោះគ្នាទៅវិញទៅមកនោះឡើយ។
នៅថ្ងៃទី១០ ខែសីហា នួន ជា អនុលេខាលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា បានដឹកនាំគណៈប្រតិភូមួយក្រុមទៅបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ជាថ្មីម្ដងទៀត។
ពេលនោះ ង្វៀង វ៉ាន់លិញ សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានប្រាប់ នួន ជា ថា កងទ័ពវៀ តណាម ដែលដណ្តើមកាន់កាប់កោះពូឡូវ៉ៃ របស់ប្រទេសកម្ពុជា តាំងពីថ្ងៃទី៦ ខែមិថុនានោះ បានដកចេញវិញអស់ហើយ។
នួន ជា ក៏បានថ្លែងអំណរគុណដល់មេដឹកនាំបក្សកុម្មុយនិស្តវៀត ណាម ចំពោះការប្រគល់កោះពូឡូវ៉ៃ មកឱ្យកម្ពុជាវិញ ហើយ នួន ជា បានបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងកងទ័ពទាំងពីរនៅតាមបណ្ដាកោះទាំងអស់នោះ គឺដោយសារតែកំហុសមិនស្គាល់ខ្សែបន្ទាត់ព្រំដែនសមុទ្រច្បាស់លាស់។
ក្រោយពីភាគីវៀតណាមយល់ព្រមប្រគល់កោះពូឡូវ៉ៃ មកឲ្យកម្ពុជាវិញ នៅក្នុងខែកញ្ញា ឆ្នាំ១៩៧៥ មក ស្ថានទូតវៀតណាម ក៏ត្រូវបានបង្កើតឡើងនៅទីក្រុងភ្នំពេញ ហើយ២ថ្ងៃក្រោយមក ពួកខ្មែរក្រហមបានរៀបចំផែនការនាំបារីកម្ពុជា ចេញទៅលក់នៅប្រទេសក្រៅ ពិសេសលក់ឱ្យប្រទេសវៀតណាមភាគខាងត្បូង។
ពេលនោះ ភាគីវៀតណាម មានបំណងចង់បិទបាំងជម្លោះជាមួយកម្ពុជា មិនឲ្យសាធារណមតិពិភពលោកបានដឹងឡើយ ដោយខំប្រឹងបញ្ចៀសការលំបាកផ្សេងៗផ្នែកការទូត ហើយក្រុងហាណូយបានសម្រេចចិត្តរក្សាទុកសាមគ្គីភាពមួយដែលមានតែសំបកក្រៅជាមួយពួកវាខ្មែរក្រហម បន្តទៀត។
ក្នុងឱកាសសម្ភាសន៍ជាមួយអ្នកសារព័ត៌មានលោកខាងលិច ហ្វាង ទុង អគ្គនិពន្ធនាយកកាសែតប្រជាជនរបស់បក្សកុម្មុយនិស្ តវៀតណាម បានបដិសេធថា មិនមានការប្រឈមមុខដាក់គ្នារវាងប្រទេសកម្ពុជា និងវៀតណាមនៅក្នុងឈូងសមុទ្រថៃ ដូចកាសែតលោកខាងលិចចុះផ្សាយនោះទេ។
ចំណែកនៅក្នុងប្រទេសកម្ពុជាវិញ ពេលនោះដែរ មានជនជាតិ វៀតណាមប្រុសស្រីក្មេងចាស់រាប់ពាន់គ្រួសារ ត្រូវបានពួកខ្មែរក្រហមបណ្ដេញចេញពីប្រទេសកម្ពុជា ឱ្យទៅរស់នៅប្រទេសវៀត ណាមខាងត្បូង វិញ។
នៅតាមបណ្ដោយព្រំដែន ពួកជនជាតិវៀតណាមទាំងនោះ ត្រូវបានកងឯកភាពវៀតណាម រ៉ាប់រងទទួលបន្ទុកនិងរៀបចំឲ្យរស់នៅក្នុងជំរំបណ្ដោះអាសន្នជាច្រើនកន្លែង។
អ្នកភៀសខ្លួនដែលមានដើមកំណើតវៀតណាម និងចិនជាច្រើនគ្រួសារ បាននាំគ្នាចូលទៅរស់នៅក្នុងវត្តមួយនៅក្រុងច្រឡឺង។
អ្នកឆ្លើយឆ្លងព័ត៌មានកាសែតAFP របស់បារាំង ម្នាក់ បានឃើញពួកជនវៀតណាម និងចិន ដែលពួកខ្មែរក្រហមបណ្ដេញចេញពីប្រទេសកម្ពុជា មករស់នៅក្នុងព្រៃនគរ មុនគេ ហើយគាត់បានថតរូបភាព ដើម្បីយកទៅចុះផ្សាយលើទំព័រកាសែត។ គាត់មិននឹកស្មានថាខ្លួនគាត់បានទទួលព័ត៌មានសំខាន់ផ្ដាច់មុខមួយដូច្នេះឡើយ។
តែពួកមេដឹកនាំវៀតណាម មិនចង់ឱ្យពួកកាសែតលោកខាងលិច ធ្វើសម្ភាសន៍ និងចុះផ្សាយពីរឿងរ៉ាវជនភៀសខ្លួនទាំងនោះទេ ព្រោះអាចធ្វើឱ្យមានការស្មុគស្មាញដល់ទំនាក់ទំនងផ្សេងជាមួយកម្ពុជា ៕
ក្នុងអំឡុងខែកញ្ញា ឆ្នាំ១៩៧៥ មានអណិកជនជាតិវៀតណាម ប្រមាណ១៥ម៉ឺននាក់ ត្រូវពួកពួកខ្មែរក្រហមបណ្ដេញចេញពីប្រទេសកម្ពុជា ឱ្យចេញទៅតាមខេត្តដុងថាប់ ខេត្តអានយ៉ាង និងខេត្តតាយនិញ ។ តែក្នុងចំណោមនោះ ប្រសិនបើអាជ្ញាធរវៀត ណាម ពិនិត្យឃើញថា ជាជនជាតិចិន និងជាជនជាតិខ្មែរ ពួកគេនឹងឱ្យត្រឡប់ចូលទឹកដីកម្ពុជា វិញ៕