ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយករងខុទ្ទកាល័យ សម្តេច ស ខេង ជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេនៅការដ្ឋានទី២ ស្ថិតនៅឃុំបឹងគ្រំស្រុកល្វាឯម ខេត្តកណ្ដាល

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយ ករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ជា សុគន្ធា នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម និងសហការីនៅថ្ងៃទី១ ៤ ខែឧសភា ឆ្នាំ២០២១នេះ  បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ នៅការដ្ឋានទី២ ស្ថិតនៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ។

នាយឧត្តមសេនីយ៍ ជា សុគន្ធា បានជម្រាបជូនថ្នាក់ដឹកនាំ និងក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុកប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី។

នាយករងខុទ្ទកាល័យ បានបន្តថា ដើម្បីជាការលើកទឹកចិត្តដល់ក្រុមការងារប្រតិបត្តិការ សម្ដេចក្រឡាហោម ស ខេង បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនក្រុមការងារប្រតិបត្តិការជាក់ស្ដែង ក្នុងម្នាក់ទទួលបានថវិកា ១លានរៀលជារៀងរាល់ខែ ចាប់ពីខែឧសភានេះ រហូតដល់ខែធ្នូ ឆ្នាំ២០២១ ។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការនៃទីបញ្ជាការដ្ឋាន កងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក បានមានប្រសាសន៍គោរពថ្លែងអំណរគុណសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល និងសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ដែលបានផ្ដល់សេចក្ដីទុកចិត្តខ្ពស់មកលើក្រុមការងារប្រតិបត្តិការ។

លោកឧត្តមសេនីយ៍ទោ ក៏បានថ្លែងអំណរគុណជាថ្មីម្ដងទៀត គោរពជូនសម្ដេចក្រឡាហោម ស ខេង ដែលបានចាត់តំណាងមកសួរសុខទុក្ខ និងផ្ដល់ភាពកក់ក្ដៅដល់ក្រុមការងារ ជាពិសេសបានបន្ថែមប្រាក់ឧត្ថម្ភដែលជាការលើកទឹកចិត្តខ្ពស់មួយទៀត ដល់ក្រុមការងារដែលកំពុងបំពេញបេសកកម្មបំរើជាតិ និងប្រជាពល រដ្ឋ។

ក្រុមការងារទើបបានបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ប្រកបដោយជោគជ័យកាលពីពេលថ្មីៗនេះ ដោយស្រង់គ្រាប់យុទ្ធភណ្ឌបានជាង១៦តោន រួមទាំងសម្ភារៈសឹក បំណែកឆ្អឹងសព និងស្រង់នាវាឡើងមកលើគោកជាស្ថាពរ ក្នុងកិច្ចប្រតិបត្តិការរយៈពេល៦ខែ។

សម្រាប់ការដ្ឋានទី២នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាលនាពេលនេះ ក្រុមការងារបានស្រាវជ្រាវ និងទទួលបានលទ្ធផលថា នាវាចម្បាំងដែលបានលិចកាលពីសម័យសង្គ្រាមនោះ គឺជាប្រភេទនាវាសឹករបស់កងទ័ព លន់ ណុល ដែលមានចំណុះប្រមាណ៨០០តោន ហើយដែលអ្នកស្រុកហៅថា ប្លង់តុង៕