ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការឃាត់ខ្លួន កូនប្រសារឧកញ៉ា ហេង សៀ ពាក់ព័ន្ធនឹងការ ជួលមនុស្ស ថតរូបអាសអាភាស ប៉ះពាល់កិត្ដិយស កញ្ញា មាន ពេជ្ររីតា

លោក ស ថេត បញ្ជាក់ថា ការឃាត់ខ្លួន កូនប្រសារឧកញ៉ា ហេង សៀ ពាក់ព័ន្ធនឹងការ ជួលមនុស្ស ថតរូបអាសអាភាស ប៉ះពាល់កិត្ដិយស កញ្ញា មាន ពេជ្ររីតា

ភ្នំពេញ៖ លោក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ មុននេះបន្តិចថា កម្លាំងសមត្ថកិច្ចរបស់លោក បានឃាត់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ក្រោយពីបុគ្គលរូបនេះ បានរៀបចំ ជួល មនុស្សប្រុស-ស្រី ថតរូបអាសអាភាស បន្លំភ្នែកមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលបានធ្វើ ឲ្យប៉ះពាល់ដល់កិត្ដិយសកញ្ញា មាន ពេជ្ររីតា ដែលជាពិធីការនីទូរទស្សន៍ My TV និងជាតារាម៉ូឌែល យ៉ាងធ្ងន់ធ្ងរ។

លោក ស ថេត បានបញ្ជាក់ថា ការឃាត់ខ្លួន ឃន ឈុនដារ៉ា នេះ ធ្វើឡើងតាមដីកាតុលាការដោយ ជនសង្ស័យរូបនេះជា “អ្នកផ្ដួចផ្ដើមគំនិតដើម្បីថតរូបអាសអាភាស។ មានបក្ខពួក២នាក់ទៀត និង៣នាក់ (រួម)ទាំងគាត់” ។ “យើងទើបតែឃាត់ បានម្នាក់ទេ។ ហើយនឹងបន្ត (ស្វែងរក)​តទៅទៀត”។

បើតាមការអះអាងរបស់លោក ស្នងការនគរបាលរូបនេះ យោងតាម៣៩នៃក្រមព្រហ្មទណ្ឌ គឺមានទោស ពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ២០ម៉ឺនរៀល ទៅ២លានរៀល។

ជនសង្ស័យ ត្រូវបានបញ្ជូន មកសាកសួរនៅ ស្នង ការដ្ឋាន នគរបាល រាជធានីភ្នំពេញ ហើយនិងកំពុងបន្ត ស្វែងរកអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ បានអំពាវនាវសូមឱ្យបងប្អូនទាំងអស់ ដែលមានទូរស័ព្ទវៃឆ្លាត (smart phone) សូមកុំប្រើប្រាស់ក្នុងន័យផ្ទុយនឹងច្បាប់រដ្ឋឱ្យសោះ បើមិនដូចនោះ នឹងទទួលទោស តាមច្បាប់ជាធរមាន ជាមិនខានឡើយ។ “អត់មានអ្វីចំណេញទេ សូមកុំចង់ល្បី។ តែធ្វើទៅគឺមានទោសហើយ តាមកម្រិតយើងមិនដឹងទេ ប៉ុន្តែគម្បីចៀសវាង។សូមធ្វើដែលស្របច្បាប់ កុំពាក់ព័ន្ធនឹងរឿងអាសអាភាស និង(ផ្ទុយ) ប្រពៃណីទំនៀមទំលាប់ខ្មែរយើង”។

លោក បន្តថា “សូមលេងអ្វីដែលត្រឹមត្រូវ និងមានប្រយោជន៍ និងគាំទ្រពីសង្គម ព្រមទាំងប្រជាពលរដ្ឋទៅបានហើយ។ កុំធ្វើអ្វីដែលខុសច្បាប់។ បើធ្វើអ្វីខុសច្បាប់ យើងអនុវត្តតាមច្បាប់ហើយ។”

ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា កូនប្រសារឧកញ៉ា ហេង សៀ ឈ្មោះឃន ឈុនដារ៉ា ( Chhun darakhorn ) រូបនេះ មានមុខជំនួញជាច្រើនរួមមាន៖ The Koi : ហាងលក់តែ, Tube Coffee : ហាងលក់កាហ្វេ, Yellow cab : ហាងលក់ Pizza, Orkin : ក្រុមហ៊ុនផ្ដល់សេវាកម្មសម្លាប់សត្វល្អិតតាមផ្ទះ ឬក្រុមហ៊ុនផ្សេង, KYO : ម្ហូបបែបជប៉ុន, ជាមួយនឹងអាជីវកម្ម និងតួនាទីផ្សេងៗទៀត៕

ដោយ៖ សយ សុភា  DAP NEWs