ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លិខិតមិត្តអ្នកអាន សារសង្ខេបរបស់កសិករផ្នែកវារីវប្បកម្ម ជូន ជនមួយក្ដាប់តុច ដែលមិនទាន់បានស្គាល់ និងដឹងពី ផ្នែកវារីវប្បកម្ម ហើយបែរជាបកស្រាយថា បើអត់មានយួន ខ្មែរនឹងអត់ត្រីហូប មិនខាន

7លិខិតមិត្តអ្នកអាន
សារសង្ខេបរបស់កសិករផ្នែកវារីវប្បកម្ម ជូន ជនមួយក្ដាប់តុច ដែលមិនទាន់បានស្គាល់ និងដឹងពី ផ្នែកវារីវប្បកម្ម ហើយបែរជាបកស្រាយថា បើអត់មានយួន ខ្មែរនឹងអត់ត្រីហូប មិនខាន។


ក្នុងនាមជាកសិករចិញ្ចឹមត្រីម្នាក់ដែលមានបទពិសោធន៍ចិញ្ចឹមត្រីរាប់លានក្បាលលើសប្រាំឆ្នាំ ធ្លាប់ទៅមើលកសិដ្ឋានចិញ្ចឹមត្រី សត្វទឹកសាបនឹងប្រៃធំៗនៅបរទេសជាច្រើនកន្លែង ធ្លាប់រៀនបច្ចេកទាក់ទងនឹងវារីវប្បកម្មធ្លាប់រៀនពីផលិតកម្មចំណីសត្វ ធ្លាប់រៀនពីទឹក ដី។ល។
ខ្ញុំសូមជំរាបថាកសិករខ្មែរមានសមត្ថភាពចិញ្ចឹមត្រី និងសត្វទឹកដូចជា ក្តាម អង្កែប បង្កង បង្គា កន្ធាយ អណ្ដើក អន្ទង់។ល។ រួមទាំងការផលិតពូជត្រីផងដែរបានយ៉ាងច្រើន ប្រសិនបើមានការគាំទ្រ និងជ្រោមជ្រែងត្រឹមត្រូវ ពីក្រសួងពាក់ព័ន្ធ។
ខ្ញុំសូមបញ្ជាក់ាថា បច្ចេកទេសផលិតផ្នែកវារីវប្បកម្មរបស់កសិករខ្មែរ គឺមិនចាញ់វៀតណាម(យួន)នោះទេ តែដោយសារខ្វះការជ្រោមជ្រែងពីផ្នែកពាក់ព័ន្ធ ទើបនាំអោយមានការអវិឌ្ឍផ្នែកនេះដើរយឺតបំផុត ស្ទើរតែមិនអាចទៅមុខបាន។
តើមានមូលហេតុអ្វី ទើបការអភិវឌ្ឍរបស់វិស័យនេះដើរយឺត?
១. ត្រី និងសត្វទឹកត្រូវផ្គត់ផ្គង់ទីផ្សារកម្ពុជាមានរយៈពេលយូរ៖
ត្រី និងសត្វទឹករបស់វៀតណាម(យួន) បានផ្គត់ផ្គង់ទីផ្សារនៅកម្ពុជាយូរណាស់មកហើយ បានន័យថា បណ្តាញចែកចាយត្រី និងសត្វទឹករបស់វៀតណាម(យួន)នៅស្រុកខ្មែររឹងមាំល្អ ដែលធ្វើឱ្យកសិករខ្មែរ ពិសេសផ្នែកចិញ្ចឹមត្រី ឬសត្វទឹកនានា មានទីផ្សារចង្អៀតដើម្បីលក់ផលិតផលរបស់ខ្លួន រួមទាំងការពង្រីកឱ្យធំក៏កាន់តែពិបាក។
២.មិនមានការវិនិយោគខ្នាតធំ៖
ដោយមិនទាន់មានក្រុមហ៊ុនធំក្នុងស្រុក ឬបរទេសឡើយនាពេលកន្លងមក និងបច្ចុប្បន្ន បានន័យថា កសិករចិញ្ចឹមត្រី ឬសត្វទឹក មានទុនតិចក្នុងការពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួនឱ្យរីកធំទៅបានដោយលំបាក ព្រោះតែធនាគារ បានផ្តល់ប្រាក់កម្ចីដោយមានអត្រាការប្រាក់ខ្ពស់ (ធនាគារ នៅខ្វះគោលនយោបាយការលើកទឹកចិត្តផ្នែកនេះនៅឡើយ)។
៣. ចំណីត្រីក្នុងស្រុកមានតម្លៃខ្ពស់៖
នៅពេលក្រសួងកសិកម្មប្រកាសផ្អាកការនាំចូលត្រីពីវៀតណាម(យួន)កាលពីដើមខែមករាកន្លងមក ខណៈដែលការនាំត្រីពីវៀតណាម(យួន)នៅតែនាំចូលជាធម្មតានោះ រោងចក្រផលិតចំណីត្រី និងការនាំចូលចំណីត្រី ហាក់ដឹកដៃគ្នាឡើងថ្លៃជាបន្តបន្ទាប់ ដោយតម្លៃចាប់ពី៣០ទៅ៥០ដុល្លាក្នុងមួយតោន ទៅវិញ។
៤. ការត្រួតពិនិត្យគុណភាពត្រីនាំចូលនូវមានកម្រិត៖
ត្រីនាំចូលពីវៀតណាម(យួន)មានការត្រួតពិនិត្យគុណភាពឱ្យបានត្រឹមត្រូវតាមស្ដងដា របស់ក្រសួងពាណិជ្ជកម្ម រុក្ខាប្រមាញ់ និងនេសាទ នោះឡើយ។ លក្ខខណ្ឌនេះ បានបង្កលក្ខណៈងាយស្រួល ដល់វៀតណាម(យួន) អាចចិញ្ចឹមត្រីឱ្យតែបានធំឆាប់ (ឱ្យចំណីខុសបច្ចេកទេស ដោយឱ្យស៊ីកាកសំណល់ ប្រើថ្នាំគីមីលើសកំរិត ប្រើថ្នាំអង់ទីប៊ីយ៉ូទិចនិងអរ័ម៉ូន ជាដើម) ដើម្បីបានឆាប់លក់ដោយមិនបានគិតពីគុណភាពនោះឡើយ។ ប្រការនេះ ហើយដែលបង្កឱ្យតម្លៃដើម(ថ្លៃចំណាយ)របស់វៀតណាម(យួន)ទាបជាង តម្លៃដើមនៅកម្ពុជា។
៥. ការប្រកួត ប្រជែងមិនស្មោះត្រង់ (នាំចូលគេចពន្ធ)៖
ដោយសារតែការនាំត្រីចូលមិនបានបង់ពន្ធពេញ (នាំត្រីចូលដោយគេចពន្ធ) គឺបណ្ដាលឱ្យប្រាក់ចំណូលរដ្ឋខាតបង់ និងទីផ្សារត្រីក្នុងស្រុក មិនអាចប្រកួតប្រជែង ជាមួយត្រីនាំចូលពីវៀតណាម(យួន)បានឡើយ។ ម្យ៉ាងទៀត ការមិនបង់ពន្ធនៃការនាំចូលត្រីពីវៀតណាម (យួន) ឱ្យបានត្រឹមត្រូវនេះ ធ្វើឱ្យកសិករទាំងឡាយតែងតែជួបការលំបាកដោយសារឈ្មួញតែងតែទំលាក់តម្លៃ។ រឿងទាំងនេះវាផ្ទុយពីក្រសួងពាណិជ្ជកម្មវៀតណាម (យួន) ដែលដំឡើងពន្ធស្ករសនាំចូលពីថៃ ដើម្បីការពារផលិតកម្មក្នុងស្រុករបស់ខ្លួន។ នេះបើយោងតាមសំដីឈ្មួញនាំត្រីចូលម្នាក់(តាមប្រពន្ធ័តេលេក្រាម) កាលពីខែធ្នូ ឆ្នាំ ២០២០ ដែលមានវត្តមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងរុក្ខាប្រមាញ់ និងនេសាទ សមាគមត្រី នឹងអ្នកចិញ្ចឹមត្រីជាច្រើន នៅក្នុងក្រុមផងដែរ។
៦. យុទ្ធសាស្ត្រផ្តួលរំលំដៃគូ៖
ក្រោយដឹងថា កសិករខ្មែរ ពិសេសផ្នែកវារីវប្បកម្ម អាចចញ្ចឹមត្រី និងសត្វទឹកអាចជួយផ្គត់ផ្តង់ទីផ្សារកម្ពុជា និងអាចកាត់បន្ថយការនាំចូលត្រីពីវៀតណាម (យួន) ផងនោះ ក្នុងរយៈពេលពីរឆ្នាំនេះវៀតណាម (យួន) បានទំលាក់ថ្លៃត្រីរបស់ខ្លួន មកនៅក្រោមថ្លៃដើមផលិតរបស់ខ្លួនថែមទៀតផង បើទោះជាងដឹងថា អាចខាតខ្លះ តែមានការជ្រោមជ្រែងពីរដ្ឋាភិបាលរបស់គេ ទើបគេអាចធ្វើបាន និងបន្តធ្វើ ក្នុងទិសដៅ ផ្តួលរំលំការផលិតរបស់កម្ពុជា ហើយទើបគេដំឡើងថ្លៃមកវិញ។
ម្យ៉ាងទៀត ការលក់ខាតក្នុងរយៈពេលខ្លះអាចជាបញ្ហាតម្រូវការទីផ្សារ តែការទម្លាក់ថ្លៃក្នុងរយៈពេលវែងជាយុទ្ធសាស្ត្រផ្តួលរំលំសុទ្ធសាធ ដោយរងចាំដល់កសិករខ្មែរដួលរំលំអស់ ចាំពួកគេ (វៀតណាម)ឡើងថ្លៃស្រង់ដើមវិញ។ ដូច្នេះ អ្នកដែលរងគ្រោះគឺកសិករខ្មែរ និងអ្នកទទួលទាននៅស្រុកខ្មែរ។
សរុបមក ខ្ញុំសូមបដិសេធ និងថ្កោលទោស ចំពោះការលើកឡើងរបស់មន្ត្រីមួយចំនួន និងប្រជាជនខ្លះដែលថាខ្មែរមិនចេះចិញ្ចឹមត្រី បច្ចេកទេសខ្មែរមិនដល់វៀតណាម (យួន) បច្ចេកទេសកសិករខ្មែរនៅស្ទើរ ត្រូវចំណាយថ្លៃដើមខ្ពស់ជាងវៀតណាម ឬស្នើឱ្យកសិករប្តូរមុខរបរជាដើម។
ទាក់ទងនឹងចំណុចដូចបានលើកឡើងខាងលើ ខ្ញុំស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ពង្រឹងការយកពន្ធការនាំត្រីចូល និងពិនិត្យគុណភាពត្រី ឱ្យបានត្រឹមត្រូវតាមបទដ្ឋាន ខ្ញុំគិតថា ត្រីខ្មែរ នឹងឡើងថ្លៃ និងអាចប្រកួតប្រជែងបានជាក់ជាមិនខាន។ ម្យ៉ាងទៀត ក្រោយពេលរដ្ឋាភិបាលខ្មែរ ពង្រឹងការយកពន្ធ និងពិនិត្យគុណភាពត្រីនាំចូលបានត្រឹមត្រូវហើយនោះ បើកសិករខ្មែរនៅតែមិនអាចប្រកួតប្រជែង នឹងត្រីនាំចួលពីវៀតណាម (យួន)បានទេ កសិករខ្មែរ នឹងឈប់បន្ទោសមន្ត្រីខ្មែរជាក់ជាមិនខាន។ តែផ្ទុយទៅវិញ មិនត្រឹមតែមិនជួយជ្រោមជ្រែង មិនពង្រឹងការយកពន្ធ មិនពិនិត្យគុណភាពត្រីនាំចូលពីវៀតណាមផង ថែមទាំងចោទកសិករខ្មែរថាអត់ចេះបច្ចេកទេសចិញ្ចឹមត្រី ផលិតបានតិចតួច លក់ថ្លៃលើសទីផ្សារ និងត្រីនាំចូល ដោយសារតែចង់ចំណេញច្រើន ហើយធ្វើឱ្យខាតបង់និងក្ស័យធនទៅវិញ។
យើងខ្ញុំជាកសិករខ្មែរ សូនស្នើទៅអស់លោក មន្ត្រីដែលពាក់ព័ន្ធថា សូមនាំគ្នាគិត និងតម្កល់ផលប្រយោជាន៍ខ្មែរជាធំ និងសុំកាត់បន្ថយការគិតជាផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួកឱ្យមកនៅទាប តាមដែលអាចធ្វើទៅបាន ដើម្បីលើកកម្កើងជាតិសាសន៍ខ្មែរ និងលើកទឹកចិត្តកសិករខ្មែរ ឱ្យផលិត ដើម្បីប្រកួតប្រជែងនឹងបរទេសផងចុះ បើមិនដូច្នោះទេ ខ្មែរគ្មានថ្ងៃ ប្រសើរដូចគេប្រទេសជិតខាងឡើយ ឬខ្មែរនឹងហិនហោចនាពេលអនាគតមិនខាន៕
សូមអរគុណ។