ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រជាពលរដ្ឋនៅព្រះវិហារសុំទោសស្ថាប័នតុលាការ ដើម្បីបង្ហាញកាយវិការអន់ឱនឲ្យគ្នា និងលើកកម្ពស់យុត្តិធម៌ក្នុងសង្គម

ព្រះវិហារ៖ ប្រជាពលរដ្ឋ៤នាក់ កាលពីសប្តាហ៍មុន បានសរសេរលិខិតសុំទោសជាសាធារណៈដល់ ស្ថាប័នតុលាការខេត្តព្រះវិហារ និងព្រះរាជអាជ្ញា ពាក់ព័ន្ធនឹងបណ្តឹងខ្លួន ដែលកើតឡើងដោយសារការភាន់ច្រឡំ ហើយលើកឡើងថា ការសុំទោសនេះ គឺកាយវិការចេះអត់ឲ្យគ្នា និងកម្ពស់តម្លៃយុត្តិធម៌នៅក្នុងសង្គមជាតិ។

ប្រជាពលរដ្ឋ៤នាក់នេះ រួមឈ្មោះ ឈាន លាងធុន, សន ចន្ធូ , ញ៉ាំ ឈុនលី និងឈ្មោះ សន សាអែម បានសរសេរលិខិតរួមមួយ សុំអភ័យទោសជាសាធារណៈជូនប្រធានតុលាការសាលាដំបូងខេត្តព្រះវិហារ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តព្រះវិហារ និងលោក ចក់ សម្បត្តិ អតីតព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ

ចំពោះបណ្តឹងរបស់ខ្លួន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ និងរឿងហេតុដែលបានកើតឡើង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ដែលបណ្តាលមកពីការភាន់ច្រឡំ។

ក្នុងលិខិតសុំទោសឈ្មោះ ឈន លាងធុន និងក្រុមគ្រួសារ បានជម្រាបជូនប្រធានសាលាដំបូង ព្រះរាជអាជ្ញា និងលោកព្រះរាជអាជ្ញារងទាំងពីរថា កាលពីអំឡុងខែមីនា ឆ្នាំ២០២១ ឈ្មោះ រ៉ិត សុថុន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ បានទាក់ទងមកលោក (ឈន លាងធុន) ក្នុងបំណងជួលគ្រឿងចក្រពីលោក ដើម្បីទៅឈូសឆាយ និងវាយព្រៃលើដីរបស់គាត់ ស្ថិតនៅក្នុងភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ ពេលនោះ លោក ឈន លាងធុន បានសួរបញ្ជាក់ថា តើដីដែលចង់ឲ្យទៅឈូសឆាយនោះ ជាដីព្រៃ ឬជាដីកម្មសិទ្ធិរបស់គាត់? គាត់ក៏បានអះអាងបញ្ជាក់ថា ដីនោះ គឺជាដីកម្មសិទ្ធិរបស់គាត់ ហើយថា មិនមានជាប់ពាក់ព័ន្ធនឹងដីព្រៃ ឬដីរដ្ឋនោះទេ។

លិខិតសុំអភ័យទោសបានបន្តថា ដោយភាពឆោតល្ងង់ និងមិនសូវយល់ដឹងផ្លូវច្បាប់ លោក ឈន លាងធុន អះអាងថា លោក និងក្រុមការងាររបស់លោក ក៏បានទទួលយកការងារនេះ និងយកគ្រឿងចក្រចុះទៅឈូសឆាយ និងវាយព្រៃឱ្យឈ្មោះ រ៉ិត សុថុន។ ពេលចាប់ផ្តើមការងារនៅលើទីតាំងដីនេះ ជារឿយៗតែងមានក្រុមជនខិលខូចបន្លំខ្លួន ធ្វើជាអ្នកកាសែត ចុះមកសម្លុត គំរាមកំហែងទារប្រាក់ ឬកោសរូសទារនេះទារនោះពីពួកគាត់។ ដោយមិនចង់មានរឿងវែងឆ្ងាយ លោក និងក្រុមការងារ តែងតែផ្តល់ប្រាក់ឧបត្ថម្ភដល់ពួកគេ។

លិខិតបញ្ជាក់ថា «ស្រាប់តែនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកព្រះរាជអាជ្ញារង វុធ សាវី និងលោកព្រះរាជអាជ្ញារង ចក់ សម្បត្តិ រួមទាំងក្រុមការងារ បានចុះល្បាតមកពីទីតាំងដីខាងលើ និងបានសួរយើងខ្ញុំពីឯកសារពាក់ព័ន្ធទីតាំងដីខាងលើ។ ដោយភាន់ច្រឡំ ស្មានថា ជាក្រុមជនខិលខូចបន្លំខ្លួនជាអ្នកកាសែតមកពីភ្នំពេញ និងដោយអស់ភាពអត់ធ្មត់ជាមួយនឹងក្រុមជនខិលខូច ដែលតែងតែមកទារប្រាក់ពីយើងខ្ញុំ ទើបពេលនោះ យើងខ្ញុំ ក៏បានប្រើហិង្សា ទៅលើលោកព្រះរាជអាជ្ញារងទាំងពីរ និងកម្លាំងចម្រុះ។ ពេលនោះ យើងខ្ញុំ ពុំបានដឹងថា លោកព្រះរាជអាជ្ញារងទាំងពីរ កំពុងចុះបំពេញភារកិច្ចនោះទេ។ យើងខ្ញុំ ពុំមានចេតនាអាក្រក់ណា រារាំងដល់ការបំពេញភារកិច្ចរបស់ពួកគាត់ឡើយ»។

ជាមួយនឹងការសុំអភ័យទោសនេះដែរ ប្រជាពលរដ្ឋទាំង៤នាក់ ក៏បានសុំដកពាក្យបណ្តឹងរបស់ខ្លួន ដែលបង្កើតឡើងដោយការភាន់ច្រឡំក្នុងហេតុការខាងលើផងដែរ៕

ខាងក្រោមនេះជាលិខិតសុំអភ័យទោស និងលិខិតស្នើសុំដកពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទាំង៤នាក់៖