ព្រៃវែង ៖ ថ្មីៗនេះបានផ្ទុះករណីឈ្លោះគ្នាជាថ្មី និងកាន់តែខ្លាំងជាងមុនទៅទៀត រវាងលោក ហួរ ដា ប្រធានការិយាល័យសុខា ភិបាលស្រុកប្រតិបត្តិស្វាយអន្ទរ និងលោក សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ។
ករណីឈ្លោះគ្នាជាថ្មីនេះ ផ្តើមចេញពីលោក ហួរ ដា ប្រធាន OD ស្រុកស្វាយអន្ទរ ក្នុងកិច្ចប្រជុំអណត្តិរបស់មន្ទីរសុខាភិបាលខេត្តព្រៃវែង កាលពីថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ៩ព្រឹក តាមប្រព័ន្ធវីដេអូ Zoom លោក ហួរ ដា បានផ្តើមសុំនិយា យរឿងផ្ទាល់ខ្លួនក្នុងកិច្ចប្រជុំនោះ ដោយលោក ហួរ ដា លើកឡើង ថា លោកនឹងធ្វើសន្និសីទសារព័ត៌មានមួយនិយាយអំពីរឿង របស់លោក សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ជាមនុស្ស។
លោកបានបញ្ជាក់ថា៖ចំណុច ទី១. បក្ខពួកនិយម ទី២. ពុករលួយ ទី៣. ដកដាក់មន្ត្រីស្រេចតែចិត្ត ទី៤. កាន់ជើងប្រធានមន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរ ដោយសារតែជាដន្លងនឹងគ្នា ទី៥. រឿងគាត់ (លោក ហួរ ដា) បើកគ្លីនិកមិនមានច្បាប់ ដោយសារថា បើលោករត់ច្បាប់ ក៏លោក សេង បញ្ញាឫទ្ធិ មិនអើពើ ឬមិនអនុញ្ញាតឲ្យច្បាប់ដដែល និងទី៦. លោក ហួរ ដា ដាក់លក្ខខណ្ឌថា គ្រប់សេវាសុខាភិបាលឯកជនទាំងអស់ក្នុងស្រុកស្វាយអន្ទរ ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់លោកផ្ទាល់ ប្រធានមន្ទីរសុខាភិបាលខេត្ត មិនមានសិទ្ធិមកលូកលាន់ឡើយ ។
កាលពីពេលកន្លងទៅ លោក ហួរ ដា ធ្លាប់បានលើកយករឿងដែលលោក សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ដករូបលោកចេញពីតួនាទីជាប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដែលលោកទើបតែកាន់តំណែងបានត្រឹមតែរយៈពេល ២ខែប៉ុណ្ណោះ ។
ក្នុងជម្លោះកាលពីពេលកន្លងទៅ លោក ហួរ ដា មិនត្រឹមតែនិយាយក្នុងកិច្ចប្រជុំដូចលើកនេះទេ គឺលោក ហួរ ដា បានធ្វើការ Live ផ្ទាល់ និងបង្ហោះសារតាម Facebook របស់លោក វាយប្រហារលោក សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង រហូតដល់មានកិច្ចអន្តរាគមន៍ពីថ្នាក់លើ ចុះមកសម្របសម្រួល និងចុះកិច្ចសន្យាដាក់លក្ខខណ្ឌដែលមានខ្លឹមសារផ្ទុយពីគោលការណ៍ដឹកនាំ និងរបៀបរបបការងារទៀតផង ដោយគ្រាន់ តែដើម្បីតម្រូវចិត្តលោក ហួរ ដា កុំឲ្យ Live ឬបង្ហោះសារតាម Facebook ។
អ្នកដែលបានដឹងករណីសម្របសម្រួល និងចុះកិច្ចសន្យារវាងលោក ហួរ ដា និងលោក សេង បញ្ញាឫទ្ធិ សុំមិនបញ្ចេញឈ្មោះ បានសំដែងការហួសចិត្តចំពោះលក្ខខណ្ឌ នៃការសម្របសម្រួល និងកិច្ចសន្យា ដែលមានខ្លឹមសារផ្ទុយពីគោលការណ៍ដឹកនាំ និងរបៀបរបបការងាររបស់មន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា ដោយសារតែខ្លាច Facebook ឬយក Facebook ជាធំនោះ ។